ក្រុមហ៊ុនវីរៈប៊ុនថាំក្លាយជាភ្នាក់ងារដឹកជញ្ជូនបទល្មើសរបស់ឈ្មួញឈើយូរឆ្នាំ ប្រចាំខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ក្រុមមន្ត្រីបានដង្ហើបថា កាលពីចុងខែមករាកន្លងទៅថ្មីៗនេះ គេឆ្មក់ឃាត់បានរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ១គ្រឿង គ្រាដែលរថយន្តនោះ បានចូលទៅដឹកបទល្មើសព្រៃឈើទាំងយប់នៅបរិវេណផ្ទះឈ្មួញឈើចាស់វស្សាម្នាក់ឈ្មោះ ប្រាក់ គា មានទីតាំងក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចថា រថយន្តដែលឃាត់បាននោះម៉ាកHyundai ពណ៌ទឹកក្រូច ចង្កូតឆ្វេង ពាក់ផ្លាកលេខភ្នំពេញ 3G-2483 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ខូអិលធីឌី ដែលមានអ្នកបើកបរឈ្មោះស្លាម រំលី ការឃាត់បន្ទាប់ពីគេរកឃើញមានផ្ទុកឈើអារប្រភេទលេខ១ (ទ្វាសុក្រម) ចំនួន៣០សន្លឹក (ពុំទាន់វាស់វែង)ពុំមានច្បាប់អនុញ្ញាត (PC) បង្កប់ជាមួយអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន វីរៈប៊ុន ។

តាមការផ្ដល់ចម្លើយពីអ្នកបើកបររថយន្តថា គេបានដឹកឱ្យឈ្មោះ គា ក្នុងគោលដៅពីខេត្តមណ្ឌលគិរី ឆ្ពោះទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ បានតម្លៃដឹកក្នុង១ជើង១លាន ១០ម៉ឺនរៀល ទៅ១លាន ៤០ម៉ឺនរៀល ដោយដឹកបានប្រហែល១២ជើងរួចហើយ (ទូទាត់ប្រាក់ថ្លៃដឹករួចរាល់) ។

យ៉ាងណា សមត្ថកិច្ចរឹបអូសតែរថយន្ត និងវត្ថុតាងជាឈើប៉ុណ្ណោះ ដោយយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តតាមច្បាប់ ។
សូមបញ្ជាក់ថា នេះជាករណីមិនរាងចាលមួយខណៈដែលកាលពីថ្ងៃទី ២៣ មករា ឆ្នាំ២០២៦ សមត្ថកិច្ចក៏បានធ្វើការរឹបអូសឈើជាច្រើនកំណាត់ និរថយន្តTACOMA មួយគ្រឿងពីឈ្មួញឈើល្បីឈ្មោះ ប្រាក់ គា នេះដែរ ៕
