រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នឹងមានជំនួបជាមួយគ្នា នៅល្ងាចថ្ងៃទី២២ ខែមេសា

admin By admin April 21, 2026

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន (Dong Jun) នឹងមានជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នៅល្ងាចថ្ងៃទី២២ ខែមេសា ខាងមុខនេះ នៅក្នុងប្រទេសកម្ពុជា ដោយនឹងពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួន។

កិច្ចប្រជុំនេះជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលធ្វើឡើងទៅតាមគោលការណ៍ឯកភាពគ្នា រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

លោកបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើនឹងមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងកម្ពុជា-ចិន ដោយក្នុងនោះវិស័យសន្តិសុខ អាចផ្ដោតទៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីធឺណិតផងដែរ។

បើតាមអ្នកនាំពាក្យ, រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន ក៏នឹងមានជំនួបសម្ដែងការគួរសម ជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នឹងយកឱកាសនេះបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *