កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាជំរុញឱ្យមានរលកនៃ ការវិនិយោគពីអាល្លឺម៉ង់មកកម្ពុជាឱ្យកាន់តែច្រើន
ភ្នំពេញ ៖ កម្ពុជា-អាល្លឺម៉ង់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់ មកកម្ពុជា ឱ្យកាន់តែច្រើនឡើង សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក។

នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (German Bundestag) ដឹកនាំដោយ លោក Thomas Rachel សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ នៃសភាសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ភាគីអាល្លឺម៉ង់ ក៏បានវាយតម្លៃខ្ពស់ចំពោះការពិភាក្សាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មកក្នុងស្មារតីភាតរភាពជុំវិញប្រធានបទយុទ្ធសាស្ត្រមួយចំនួន រួមមា ន៖ ទិសដៅនៃការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ, ការបន្សាំខ្លួនរបស់កម្ពុជានៅក្នុងបរិបទនៃការប្រែប្រួលសកល, ការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យរដ្ឋ, និងយុទ្ធសាស្ត្រជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់រាជរដ្ឋាភិបាលកម្ពុជា។

មានប្រសាសន៍ឆ្លើយតបជុំវិញយុទ្ធសាស្ត្រជំរុញការវិនិយោគ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនគណៈប្រតិភូអំពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា រួមមាន ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ ការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស និងកំណែទម្រង់មុតស្រួចនានា សំដៅបង្កលក្ខណៈងាយស្រួលដល់បរិយាកាសធុរកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈបើកចំហ និងផ្តល់នូវការលើកទឹកចិត្តខ្ពស់ ព្រមទាំងយន្តការគាំពារ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជនប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍៖ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD), និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច (P-PS Breakfast Briefing) ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់កម្ពុជា ជាពិសេសផែនការការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងអភិវឌ្ឍន៍ទាំងនេះ នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនយ៉ាងសំខាន់ និងពង្រឹងភាពប្រកួតប្រជែងលើវិស័យភស្តុភារកម្មរបស់កម្ពុជានៅក្នុងតំបន់។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងនូវសុឆន្ទៈរួមក្នុងការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អនេះ ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជម្រុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជាកាន់តែច្រើនឡើងនាពេលអនាគត សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕