ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នើអ្នកព័ត៌មានចូលរួមគាំទ្រលុបបំបាត់ការបង្ហោះផ្សព្វផ្សាយរូបភាពអាសអាភាស ជេរប្រមាថ និងបរិហាកេរ្តិ៍ផ្សេងៗ
ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើអ្នកសារព័ត៌មានចូលរួមគាំទ្រលុបបំបាត់ការបង្ហោះផ្សព្វផ្សាយ រូបភាពអាសអាភាស ការជេរប្រមាថ និងបរិហាកេរ្តិ៍ផ្សេងៗ តាមប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម។

ការស្នើរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ដ្រី ក្រោមប្រធានបទ «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ដ្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៃកម្ពុជា» ប្រព្រឹត្តទៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមជំនួយឧបត្ថម្ភដោយអង្គការយូនីស្កូ (UNESCO) នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

លើសពីនេះ ឯកឧត្តមបានលើកទឹកចិត្តដល់អ្នកសារព័ត៌មានផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជា និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមគូសបញ្ជាក់ថា ក្នុងបរិបទនៃសង្គមលទ្ធិប្រជាធិបតេយ្យ តួនាទីរបស់អ្នកសារព័ត៌មាន គឺពិតជាមិនអាចត្រូវបានមើលរំលងជាដាច់ខាត។ អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកសារព័ត៌មានជាស្ត្រី គឺជាសសរស្តម្ភសំខាន់ នៃសង្គមប្រជាធិបតេយ្យ ដែលតែងតែឈរនៅជួរខាងមុខ បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្នុងការបំភ្លឺការពិត និងផ្ដល់ព័ត៌មានមិនលំអៀង ជូនដល់ប្រជាពលរដ្ឋ ដោយដើរទន្ទឹមជាមួយនឹងការគោរពនីតិរដ្ឋ និងសិទ្ធិសេរីភាពរបស់អ្នកដទៃ។ អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់ សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម។

ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ បានស្នើអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។ បន្ថែមពីនេះ ត្រូវចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពជាពិសេស បញ្ហាក្មេងទំនើង បញ្ហាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។

បន្ថែមលើនេះឯកឧត្តមស្នងការ ក៏បានជំរុញឲ្យបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឲ្យប្រទេសជាតិអស្ថេរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ ក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលធ្វើឲ្យខូចប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណៈជន។ ចូលរួមគាំទ្រលុបបំបាត់ការបង្ហោះផ្សព្វផ្សាយ រូបភាពអាសអាភាស ការជេរប្រមាថ និងបរិហាកេរ្តិ៍ផ្សេងៗ តាមប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌ក្នុងសង្គមជាតិ៕
