ក្រុមក្មេងទំនើង និងខ្លះជាសិស្សសាលា ធ្វើសកម្មភាពគាស់តូបលក់ដូរនៅក្រុងសែនមនោរម្យ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន
ខេត្តមណ្ឌលគិរី ៖ កម្លាំងនគរបាលក្រុងសែនមនោរម្យដឹកនាំដោយលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការខេត្តមណ្ឌលគិរី បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៨នាក់ ពាក់ព័ន្ធករណីគាស់តូបលក់ដូរ លួចយកម្ហូបអាហារ និងភេសជ្ជៈ នៅមុខសួនកុមារ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣៖៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ក្រុមជនសង្ស័យទាំង ៨នាក់ បានធ្វើសកម្មភាពគាស់ធុងទឹកកក និងតូបលក់ដូរ ដោយលួចយកមឹក បង្គា ប្រហិត និងទឹកក្រូច មកចែកគ្នាបរិភោគ។ ក្រោយធ្វើសកម្មភាពលើកទីមួយរួច ក្រុមជនសង្ស័យបានវិលត្រឡប់មកកន្លែងដដែលម្ដងទៀត នៅវេលាម៉ោងប្រមាណ ៤:៣០នាទីទៀបភ្លឺ ដោយបន្តគាស់យកទឹកក្រូច និងប្រហិតបន្ថែម មុននឹងនាំគ្នាចែកផ្លូវត្រឡប់ទៅកន្លែងស្នាក់នៅរៀងៗខ្លួន។
បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ប៊ន ហៀង ជាអាជីវករ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុង ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជា ចិត្រា និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៨នាក់បានជាបន្តបន្ទាប់។
ក្នុងចំណោមជនសង្ស័យទាំង ៨នាក់នោះ មានអនីតិជនចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ និងប្រគល់ជូនអាណាព្យាបាលធានាយកទៅអប់រំបន្តនៅគេហដ្ឋាន ចំណែកឯជនសង្ស័យដែលសេសសល់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាកូនកាំបិតចិតបន្លែមួយដើម ដែលប្រើប្រាស់ក្នុងសកម្មភាពគាស់តូប។ ដោយឡែក លទ្ធផលតេស្តទឹកនោមលើក្រុមជនសង្ស័យទាំងអស់ បង្ហាញថា អវិជ្ជមានសារធាតុញៀន។
ក្រោយការសាកសួរ ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគាស់តូបលួចយកសម្ភារៈ និងចំណីអាហារពិតប្រាកដមែន។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តអនុវត្តនីតិវិធីច្បាប់ចំពោះអ្នកពាក់ព័ន្ធទាំងអស់៕


