ព្រះមហាក្សត្រ អំពាវនាវជនរួមជាតិរូបរួមគ្នា ជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល លើការការពារបូរណភាពទឹកដី

admin By admin July 1, 2026

ភ្នំពេញ ៖ តាមរយៈព្រះរាជសារ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ព្រះមហាក្សត្រ ករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលអំពាវជនរួមជាតិ បន្តរួមគ្នា ជាធ្លុងមួយនៃមហាគ្រួសារខ្មែរ គាំទ្ររាជរដ្ឋាភិបាល លើការការពារអធិបតេយ្យ បូរណភាពទឹកដី ។

ព្រះរាជសារ បានឱ្យដឹងថា ព្រះមហាក្សត្រអំពាវដល់ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស បន្តរូបរួមគ្នា ជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ក្រោមស្មារតីស្នេហាជាតិស្មោះស្ម័គ្រ ជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿន ថែមទៀត ដោយត្រូវបន្តធ្វើកំណែទម្រង់ និងទំនើបកម្មស្ថាប័នរដ្ឋ ដោយយកប្រជាជនជាស្នូល ។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាពិសេស យុវជន ចូលរួមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា សំដៅរួមគ្នាការពារ និងកសាងជាតិ មាតុភូមិ ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។
ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលបន្ថែមថា សមាជិករដ្ឋសភាក៏បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយបានសិក្សា ស្វែងយល់អំពីសុខទុក្ខក្តីកង្វល់ តម្រូវការ និងបានដោះស្រាយបញ្ហាប្រឈម ជាពិសេសបាន រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមសាមគ្គីគ្នា ជាមហា គ្រួសារខ្មែរ និងឯកភាពជាតិខ្ពស់ តាមរយៈការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងវីរយុទ្ធជន ការពារជាតិជួរមុខ និងជនភៀសសឹក នៅតាមបណ្តាខេត្ត នៅតាមព្រំដែន ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាង មោះមុត ក្នុងការឆ្លើយតបទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិ ដោយមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ចំពោះការឈ្លានពានពីសំណាក់ប្រទេសជិតខាង។ ការណ៍នេះ បានសបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់ពីកម្លាំងរូបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាប្រជាជាតិដែលស្នេហាសន្តិភាព ស្អប់ខ្ពើមសង្គ្រាម និងគោរពច្បាប់អន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *