មិនថាផ្លូវលិចទឹក មិនថាភក់ជ្រៅ និងភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណា ក៏មិនអាចរារាំងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើបាន
ខេត្តកំពង់ធំ ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សោម ស៊ុន បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការផ្ទាល់នៅតំបន់អូរជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយឆ្លងកាត់ទឹកជំនន់ និងផ្លូវភក់យ៉ាងលំបាក ដើម្បីបង្ក្រាបបទល្មើសព្រៃឈើ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតឈើខុសច្បាប់ជាច្រើនសន្លឹក ដែលកំពុងលួចដឹកជញ្ជូនតាមគោយន្ត ហើយបន្តអនុវត្តវិធានការតាមផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ។

ពាក្យថា «មានតែភក់ទេ ដែលប្រឡាក់ជើង តែជើងមិនដែលខ្លាចភក់ឡើយ» បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងកម្លាំងអនុវត្តច្បាប់ ដែលមិនរាថយចំពោះឧបសគ្គ ដើម្បីការពារធនធានធម្មជាតិ និងទប់ស្កាត់ការបំផ្លាញព្រៃឈើឱ្យបានម៉ឺងម៉ាត់។

ប្រតិបត្តិការនេះ ក៏ជាសារព្រមានយ៉ាងច្បាស់ទៅកាន់ជនប្រព្រឹត្តបទល្មើសព្រៃឈើថា ទោះស្ថិតក្នុងរដូវវស្សា ឬតំបន់លំបាកយ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ចនៅតែបន្តតាមដាន បង្ក្រាប និងអនុវត្តច្បាប់ ដោយគ្មានការលើកលែង៕