កម្ពុជា-ឡាវ​ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ​កាន់តែជិតស្និទ្ធ និងជំរុញកសិ-ពាណិជ្ជកម្ម

admin By admin January 26, 2026

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជួបប្រជុំទ្វេភាគី​ និងធ្វេីជាសក្ខីភាពលេីការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយ​ ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

នាឱកាសនៃជំនួប​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានសម្តែងការស្វាគមន៍​ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ កម្ពុជា-ឡាវ​ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម​ ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក​ ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់​នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម​ និងបុរេសកម្ម​ ហេីយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត​ហេីយក្រុមការងារជំនាញទាំងពីរនឹងធ្វេីការជាមួយគ្នា​ពិនិត្យលេីនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបេីកផ្លូវនាំចេញកសិផលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ​ ការកែលម្អបរិយាកាសវិនិយោគ​ ការកែលម្អផលិតកម្មពូជ​ ការលេីកកម្ពស់ស្តង់ដាផលិត​ ការតាំងពិព័រណ៍ផលិតផលកសិកម្ម​ ធ្វេីយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លេី​ស្តង់ដាគុណភាព​ សុវត្ថិភាព​ ចំណាយថ្លៃដេីមទាប​ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច​ ជាពិសេសការសហការរួមគ្នាលេីការទប់ស្កាត់ភ្លេីងឆេះព្រៃ ការអភិរក្សព្រៃឈេី​ សត្វព្រៃ​ ជីវចម្រុះ​ និងធនធានធម្មជាតិ។

កិច្ចប្រជុំនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា​ ដោយសមភាគី កម្ពុជា-ឡាវ​ បានបង្ហាញឆន្ទៈ​ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ​កាន់តែជិតស្និទ្ធ​ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម​ កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *