ផ្ទុះគ្រាប់បែកចង្កោម សំណល់ពីសង្គ្រាមថៃឈ្លានពាន បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ ៣នាក់ រងរបួសនៅខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុន SN តបណ្តាញអគ្គិសនី បានដើរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមថៃឈ្លានពាន បានបណ្តាលឱ្យរងរបួសធ្ងន់និងស្រាលចំនួន៣នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា «មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុន SN តបណ្តាញអគ្គីសនី និងបានដើរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមថៃឈ្លានពានដែលករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុន SN ចំនួន០៣នាក់ រងរបួសធ្ងន់និងស្រាល»។

ឆ្លៀតឱកាសនេះ ឯកឧត្តមក៏បានអំពាវនាវជាថ្មីទៀត ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជន និងអង្គភាពរដ្ឋទាំងអស់ដែលធ្វើសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមថៃឈ្លានពាន មេត្តាធ្វើការសម្របសម្រួលជិតសិ្នទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាព CMAC ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដើម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម៕
