បណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព​ការ​អនុវត្ដ​គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅខេត្ដបន្ទាយមានជ័យ

admin By admin February 12, 2026

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានអញ្ជើញដឹកនាំក្រុមការងារអនុវត្ដគម្រោង LASED III នៃមន្ទីរកសិកម្ម​ខេត្ដ​បន្ទាយមានជ័យ ចុះត្រួតពិនិត្យវឌ្ឍនភាពការអនុវត្ដគម្រោង LASED III នៅ​ខេត្ដបន្ទាយមានជ័យ។

នាឱកាសនៃដំណើរចុះពិនិត្យ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន និងក្រុមការងារ បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនទទួលផលគម្រោង នៅទីតាំងដីសម្បទានដីសង្គមកិច្ច ស្ថិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ នាជំនួបបានពិភាក្សាលើស្ថានភាពជីវភាពរស់នៅ​បងប្អូន​សម្បទានិក​ដែលទទួលបានដី និងការជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធ មានដូចជា៖ ផ្លូវ ទឹក ស្រោចស្រព ប្រព័ន្ធទឹកប្រើប្រាស់ និងផ្ទះសំណាញ់ ក្នុងការលើកកម្ពស់​ជីវភាព​របស់​បងប្អូនក្នុងទីតាំងនេះផ្ទាល់។

ឯកឧត្ដមបណ្ឌិតបានបញ្ជាក់បន្ថែមថា ការផ្ដល់ជូនដីសម្បទានសង្គមកិច្ចរបស់​រាជរដ្ឋា​ភិបាល តាមរយៈគម្រោង LASED III គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ទោះបី​ការផ្ដល់​សេវាគាំទ្រ ការឧបត្ថម្ភសម្ភារ និងហេដ្ឋានសម្ព័ន្ធ បំពេញបន្ថែម​នៅពុំទាន់មាន​ភាពរលូនក្ដី ក៏ក្រុមការងារគម្រោងថ្នាក់ជាតិ រួមនឹងក្រុមការងារអនុវត្ដម្រោងមន្ទីរ​កសិកម្មខេត្ដ បន្ដជំរុញ លើការងារជីកស្រះ ការផ្ដល់កូនឈើហូបផ្លែ ការសង់សំណង់​សិល្បៈការ្យ និងសាងសង់ផ្ទះសំណាញ់ ជាដើម។

បន្ទាប់ពីជំនួប ឯកឧត្ដមបណ្ឌិត និងក្រុមការងារបានបន្តចុះពិនិត្យការសាងសង់​ផ្ទះជូន​សម្បទានិក ផ្ទះសំណាញ់ និងការដ្ឋានជីកស្រះ ដែលជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់ការរស់នៅប្រចាំថ្ងៃ និងទាញផលពហុបំណងពីហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មកសិកម្ម បង្កើនសេដ្ឋកិច្ចរបស់ពលរដ្ឋ​ក្នុងវិសាលភាពគម្រោងដោយផ្ទាល់ និងពលរដ្ឋក្រៅវិសាលភាពគម្រោង​ដោយ​ប្រយោលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *