គយកម្ពុជា និងកូរ៉េ ឯកភាពបន្តអនុវត្តទំនើបកម្ម និងកំណែទម្រង់គយ ដើម្បីពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានទទួលជួបគណៈប្រតិភូនៃរដ្ឋបាលគយកូរ៉េ ដែលដឹកនាំដោយ លោកបណ្ឌិត LEE, Myeong-ku អគ្គនាយកនៃរដ្ឋបាលគយកូរ៉េ ក្នុងគោលបំណងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការអនុវត្តប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៃរដ្ឋបាលគយកូរ៉េ ដែលបានមកបំពេញបេសកកម្មនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋបាលគយទាំងពីរ ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម, ការពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការផ្តល់ជំនួយបច្ចេកទេសសម្រាប់កសាង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ជាក់ស្តែងរដ្ឋបាលគយទាំងពីរបានបញ្ជូនមន្ត្រីគយ និងរដ្ឋាករនៃរដ្ឋបាលគយរបស់ខ្លួន ដើម្បីចូលរួមអនុវត្តប្រតិបត្តិការ នៅអាកាសយានដ្ឋានអន្តរជាតិ Incheon នៃសាធារណរដ្ឋកូរ៉េ និងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

នាឱកាសនោះដែរលោក LEE, Myeong-ku ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយរដ្ឋបាលគយកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។ អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៤ ដោយផ្តោតលើ (១) ការគ្រប់គ្រងហានិភ័យ, (២) ការការពារកម្មសិទ្ធិបញ្ញា (IPR), (៣) យន្តការនៃការផ្លាស់ ប្តូរព័ត៌មាន និង (៤) ឯកសារសហប្រតិបត្តិការដើម្បីអនុវត្តប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦។

ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗ រួមមាន៖ (១) បន្តជំរុញ និងអនុវត្តទំនើបកម្ម និងកំណែទម្រង់គយ ដើម្បីពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ, (២) ពិនិត្យលើគម្រោងប្រតិបត្តិការរួមគ្នារវាង រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយកូរ៉េ ស្តីពីការការពារកម្មសិទ្ធិបញ្ញា, (៣) បង្កើតនិងជំរុញយន្តការនៃការផ្លាស់ប្តូរព័ត៌មានស្ថិតិ និងព័ត៌មានសម្ងាត់ ដោយមានសុវត្ថិភាព និងទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់, ការរត់គេចពន្ធ និងបទល្មើសឆ្លងដែនផ្សេងទៀត និង (៤) ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការដើម្បីអនុវត្តប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦៕

