រយៈពេល៥ខែវិវាទ៦០ករណីត្រូវបាន ដោះស្រាយជូនប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី ដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ខេត្តមណ្ឌលគិរី ៖ លោក អៀម ប៊ុនលី ប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦បានដឹងថា ក្នុងរយៈពេល ៥ខែ ការិយាល័យតំណាង អ.ដ.ក. ទទួលបានបណ្តឹង ៦៤ករណី និងដោះស្រាយបញ្ចប់ដោយជោគជ័យ ២២ករណី ដែលក្នុងនោះរួមមាន បណ្តឹងផ្ទាល់ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងនៅការិយាល័យផ្ទាល់ចំនួន ៤៦ករណី។ បណ្តឹងបញ្ជូន សំណុំរឿងដែលបញ្ជូនមកពីអគ្គលេខាធិការដ្ឋាន អ.ដ.ក. មានចំនួន ១៨ករណី។

លទ្ធផលដោះស្រាយ ការិយាល័យបានដោះស្រាយបញ្ចប់ដោយជោគជ័យ និងទទួលបានការព្រមព្រៀងគ្នា ចំនួន ២២ករណីនិងសំណុំរឿងបន្ត បច្ចុប្បន្នមានសំណុំរឿងចំនួន ៤២ករណី ទៀត កំពុងស្ថិតក្នុងដំណាក់កាលចាត់ការ និងដោះស្រាយតាមនីតិវិធី។

លោក អៀម ប៊ុនលី បន្តថា ក្រៅពីការដោះស្រាយវិវាទ ការិយាល័យ ក៏បានយកចិត្តទុកដាក់លើការកសាងសមត្ថភាពមន្ត្រី និងការយល់ដឹងជាសាធារណៈផងដែរ។ យន្តការនៃការបង្កើតការិយាល័យតំណាង អ.ដ.ក. នេះ គឺធ្វើឡើងស្របតាមអនុស្សរណៈយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានរហ័ស ប្រកបដោយតម្លាភាព និងកាត់បន្ថយការឡើងតុលាការ។
បច្ចុប្បន្ន ការិយាល័យតំណាង អ.ដ.ក. ខេត្តមណ្ឌលគិរី កំពុងបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីបន្តដោះស្រាយសំណុំរឿងដែលនៅសេសសល់ និងពង្រីកការយល់ដឹងដល់ពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៅទៀត៕