រដ្ឋមន្រ្តីទេសចរណ៍៖ “គាំទ្រផលិតផលខ្មែរ គឺជាការលើកស្ទួយសេដ្ឋកិច្ចជាតិ និងអនាគតកម្ពុជា”

admin By admin February 14, 2026

ភ្នំពេញ៖ ការតាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា គឺជាព្រឹត្តិការណ៍សំខាន់សម្រាប់ផ្សព្វផ្សាយអត្តសញ្ញាណជាតិ បង្ហាញគុណភាព និងភាពច្នៃប្រឌិតរបស់សហគ្រាសក្នុងស្រុក ពោលគឺព្រឹត្តិការណ៍នេះជួយភ្ជាប់អ្នកផលិត អ្នកផ្គត់ផ្គង់សេវា និងភ្ញៀវទេសចរ បង្កើនឱកាសពាណិជ្ជកម្ម និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើនប្រកបដោយចីរភាព។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី, លោក ឆេន វិទូ នាយកប្រតិបត្តិក្រុមហ៊ុន អវី ខ្លឹប មេឌា, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រីម្ចាស់អាជីវកម្ម និងប្អូនៗអ្នកផលិតមាតិកាទេសចរណ៍ ព្រមទាំងប្អូនៗជានិស្សិតសរុបប្រមាណ ២០០នាក់។

ឆ្លៀតក្នុងឱកាសពោរពេញដោយក្តីសោមនស្សរីករាយនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការរៀបចំពិព័រណ៍នេះនឹងផ្តល់នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់អ្នកផ្គត់ផ្គង់ អ្នកចែកចាយក្នុងប្រទេសបានជួបអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍មានជាអាទិ៍ ក្រុមហ៊ុនផលិតម្ហូបអាហារនិងភេសជ្ជៈ ក្រុមហ៊ុនសិប្បកម្មធ្វើដោយដៃ ក្រុមហ៊ុនផលិតផលក្នុងស្រុក និងផលិតផលទូទៅដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះលោក ឆេន វិទូ នាយកប្រតិបត្តិក្រុមហ៊ុន អវី ខ្លឹប មេឌា (RV Clip Media) ចំពោះការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ដ៏ទាក់ទាញនេះឡើង ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ លោក លោកស្រីជាដៃគូសហការ វិស័យឯកជន ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ និងកិច្ចសហការសព្វគ្រប់បែបយ៉ាងជាមួយក្រសួងទេសចរណ៍ និងក្រុមហ៊ុន អវី ខ្លឹប មេឌា ក្នុងការរៀបចំ «ការតាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា» នៅថ្ងៃនេះឱ្យប្រព្រឹត្តទៅដោយរលូន ក៏ដូចជាកម្មវិធីនិងព្រឹត្តិការណ៍នានារបស់ក្រសួងទេសចរណ៍នាពេលកន្លងមកផងដែរ។

តាមរយៈការរៀបចំព្រឹត្តិការណ៍ដ៏ទាក់ទាញមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសការឈានទៅរកឧស្សាហកម្មម៉ាយស៍ (MICE: Meeting, Incentive, Convention, Exhibition) ដែលនាំមកនូវជំនួបរវាងអាជីវកម្ម និងអាជីវកម្មក្នុងស្រុក, អ្នកវិនិយោគ, ម្ចាស់អាជីវកម្មមកស្វែងយល់អំពីសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងបរិយាកាសអំណោយផលនៃការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗផងដែរ។

ស្ថិតក្នុងថិរវេលាដ៏ឧត្តុង្គឧត្តុង្គនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិនិយោគិន ផលិតករ និងប្រតិបត្តិករទាំងអស់ ចំពោះសេចក្តីទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំពោរពេញដោយថាមពល និងសន្ទុះនៃការបំពេញបេសកកម្មប្រកបដោយជវភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធានានូវកត្តាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង ដែលជាមូលដ្ឋានគ្រឹះគាំទ្រដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងធានាបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ទៅនឹងវិបត្តិនានា ព្រមទាំងរក្សានូវឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *