ក្រសួងសុខាភិបាល ណែនាំពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។
ក្រសួងបានបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម បងប្អូនប្រជាពលរដ្ឋមួយចំនួន តែងមានការ ជួបជុំគ្រួសារ បងប្អូន ញាតិមិត្ត រៀបចំធ្វើម្ហូបអាហារ និងធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាននានា។
ដើម្បីចូលរួម ការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ក្រសួងសុខាភិបាល សូមធ្វើការណែនាំ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារសុខភាព សុវត្ថិភាព ដោយត្រូវចូលរួមអនុវត្តវិធានការដូចខាងក្រោម៖
– ប្រកាន់ខ្ជាប់អនាម័យជាប្រចាំ ដោយលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាតឬអាល់កុល មុនចាប់ កាន់អាហារ បន្ទាប់ពីប៉ះពាល់សត្វ ការបោចសម្អាត ការសម្លាប់សត្វ លាងសម្អាតសាច់ ឬប៉ះពាល់វត្ថុ ដែលអាចជាប្រភពមេរោគ
– កុំប៉ះពាល់ ឬទទួលទានមាន់ ទា ឈឺ ឬងាប់
– ពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ ទា ធ្វើម្ហូបអាហាររួចហើយ ស្រុះវាក្នុងទឹកពុះ មុននឹងបោចសម្អាតរោម
– ចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូប អាហារឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស៊ុត និងអាហារសមុទ្រ។ នៅពេលបងប្អូនទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះ ឆ្អិនល្អ មានអនាម័យ មានសុវត្ថិភាព និងវេចខ្ចប់បានត្រឹមត្រូវ
– ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមានសីតុណ្ហភាព ធម្មតាលើសពី ២ម៉ោង (បើសីតុណ្ហភាពត្រជាក់ត្រូវតិចជាង ៥អង្សាសេ និងបើក្តៅ គឺត្រូវលើសពី ៦០ អង្សាសេ) ឬចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុកអាហារសេសសល់យូរ ដែលអាច ផ្អែម ដែលបង្កឱ្យមានការរាករូស ឈឺពោះ ក្អួត ជាដើម
– ត្រូវប្រើប្រាស់ទឹកស្អាត និងគ្រឿងផ្សំធ្វើម្ហូបមានគុណភាពល្អ ហើយជៀសវាងការបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារទទួលទានចំណីអាហារ និងពិសាទឹកឆ្អិនដាំពុះ ដែលមានអនាម័យ និងសុវត្ថិភាពល្អ
– កុំប្រើប្រាស់ម្ហូបអាហារហួសកាលកំណត់ប្រើប្រាស់ ឬមានសភាពខូចគុណភាព
– មិនត្រូវទទួលទានស្រា ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុល មកលាយជាមួយស្រា ស បង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត
– មិនត្រូវទទួលទានភេសជ្ជៈស្រវឹងលើសកម្រិត ដែលអាចបង្កឱ្យមានអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ
– នៅពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ និងបន្ទោបង់ពាសវាលពាសកាល
– ត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោជើងវែង អាវដៃវែង ឱ្យបានជិត ដើម្បីបង្ការមូសខាំដែលអាចបង្កជាជំងឺ គ្រុនឈាម
– ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ និង សម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់
– លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់ បន្ថយជម្រកមូស
– ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន
– ត្រូវប្រុងប្រយ័ត្ន និងបង្ការអគ្គិភ័យនៅតាមផ្ទះសម្បែងរៀងៗខ្លួន
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ឬសង្ស័យ ថាមានការឆ្លងជំងឺ សូមទៅពិនិត្យពិគ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានឆាប់រហ័ស ឬទូរសព្ទមកលេខ១១៥៕

