កម្ពុជា-ជប៉ុន ចុះអនុស្សារណៈកិច្ចសហប្រតិបត្តិការ ការពារបរិស្ថាន ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព

admin By admin February 17, 2026

តូក្យូ-ជប៉ុន៖ កម្ពុជា និងជប៉ុន តាមរយៈក្រសួងបរិស្ថាននៃប្រទេសទាំងពីរ បានចុះអនុស្សារណៈកិច្ចសហប្រតិបត្តិការ (MoC) លើកិច្ចការពារបរិស្ថាន ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព។ អនុស្សារណៈត្រូវបានចុះហត្ថលេខារវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដែលបានចុះហត្ថលេខានាឱកាសនេះ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៤រួមមាន៖

ទី១៖ ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៖ កម្ពុជាមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ដោយផ្តោតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់

ទី២.៖ សេដ្ឋកិច្ចចម្រុះ (Circular Economy)៖ ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែល «ស្អាត បៃតង និងចីរភាព»

ទី៣៖ ការការពារការបំពុល៖ កម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈឲ្យកាន់តែប្រសើរ

ទី៤៖ ការអភិរក្សជីវៈចម្រុះ៖ ការទទួលស្គាល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិថាជា «ហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ»។ ការការពារ និងស្តារឡើងវិញវា គឺមានសារៈសំខាន់ចំពោះការសម្រេចបានគោលដៅអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។

រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងថា នេះគឺជាចំណុចសំខាន់ក្នុងប្រវត្តិសាស្ត្រ ខណៈដែលបហរទេសទាំងពីរបានធ្វើឱ្យមានសុពលភាពជាផ្លូវការលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) នេះ។ កិច្ចព្រមព្រៀងនេះមិនមែនគ្រាន់តែជាឯកសារមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាសញ្ញាបង្ហាញពីភាពរឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរវាងកម្ពុជា និងជប៉ុន ក្នុងការស្វែងរកការរួបរួមគ្នាដើម្បីការពារបរិស្ថាន ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តី អ៊ាង សុផល្លែត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងបរិស្ថានជប៉ុន ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងមានកិត្តិយសខ្ពង់ខ្ពស់។ កម្ពុជា បានកោតសរសើរយ៉ាងយូរមកហើយ ចំពោះភាពជាមេដឹកនាំពិភពលោករបស់ជប៉ុន ក្នុងវិស័យនវានុវត្តន៍បៃតង និងអភិបាលកិច្ចអាកាសធាតុ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «យើងទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការបាត់បង់ជីវចម្រុះ គឺជាការគំរាមកំហែងគ្មានព្រំដែន។ ការដោះស្រាយបញ្ហាទាំងនេះតម្រូវឱ្យមានសកម្មភាពសម្របសម្រួល និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ សម្រាប់កម្ពុជា បញ្ហាទាំងនេះគឺជាអាទិភាពជាតិ ដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចចម្រុះវិលជុំ (Circular Strategy on Environment 2023–2028) និងយុទ្ធសាស្ត្រជីវចម្រុះជាតិ»។

រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានបន្ថែមថា ដំណើររបស់កម្ពុជាត្រូវបានកសាងឡើងឈរលើសន្តិភាព និងស្ថិរភាព ដែលបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តល់មូលដ្ឋានសម្រាប់ការបន្តនៃស្ថាប័ន។ សព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានលើកកម្ពស់ការប្តេជ្ញាចិត្តរបស់កម្ពុជានៅលើឆាកពិភពលោក។

បន្ថែមពីនេះ រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានរម្លឹកថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ កម្ពុជា បានដាក់ស្នើ NDC 3.0 ដែលបង្ហាញពីការត្រៀមខ្លួនសម្រាប់សកម្មភាពប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុយ៉ាងផ្លាស់ប្តូរដ៏សំខាន់។ ភាពជាដៃគូជាមួយជប៉ុន បាននាំឱ្យមានលទ្ធផលជាក់ស្តែងរួចមកហើយ។ ចាប់តាំងពីឆ្នាំ២០១៤ មកយន្តការឥណទានរួម (Joint Crediting Mechanism – JCM) បានអនុវត្តគម្រោងជោគជ័យជាច្រើន ក្នុងវិស័យថាមពលកកើតឡើងវិញ និងការអភិរក្សព្រៃឈើ (REDD+)។ កម្ពុជា មានបំណងពង្រីកកិច្ចសហប្រតិបត្តិការនេះ បន្ថែមទៀត តាមរយៈការចូលរួមរបស់វិស័យឯកជន និងការអភិវឌ្ឍទីផ្សារកាបូន ដោយមានការគាំទ្រពីជំនាញរបស់ជប៉ុន។

រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «យើងស្វាគមន៍ទម្រង់នៃកិច្ចសហប្រតិបត្តិការ ដែលមានភាពបត់បែន ដូចជាការពិភាក្សាគោលនយោបាយ និងគម្រោងសាកល្បង។ គោលដៅរបស់យើងគឺច្បាស់លាស់ គឺត្រូវផ្តល់លទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន ដែលអាចក្លាយជាគំរូសម្រាប់តំបន់អាស៊ាន និងអាស៊ី–ប៉ាស៊ីហ្វិក»។ ជប៉ុន តែងតែជាដៃគូដែលអាចទុកចិត្តបាន ខណៈដែលយើងកំពុងបម្លែងមហិច្ឆតានេះទៅជាសកម្មភាពជាក់ស្តែង កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយជប៉ុន។ សូមឱ្យភាពជាដៃគូនេះ ក្លាយជាចំណុចចាប់ផ្តើមសម្រាប់នវានុវត្តន៍ និងភាពធន់ សម្រាប់ជំនាន់ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *