រដ្ឋមន្ត្រីមហាផ្ទៃ បង្ហាញក្តីព្រួយបារម្ភ ចំពោះហានិភ័យថ្មីៗ កើតចេញពីការរីកចម្រើន យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា

admin By admin February 18, 2026

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានបង្ហាញក្តីព្រួយបារម្ភចំពោះហានិភ័យថ្មីៗ កើតចេញពីការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលហៅកាត់ថា AI ដោយបានដាស់តឿន ដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។

ក្នុងឱកាសអញ្ជើញជាអធិបតី នៃយុទ្ធនាការគាំទ្រ ទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦ ក្រោមប្រធានបទ ការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ រៀបចំនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា បច្ចេកវិទ្យា AI ជាកម្លាំងចលករដ៏សំខាន់ និងជារបកគំហើញដ៏អស្ចារ្យមួយ ដែលផ្តល់ផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ដល់មនុស្សជាតិ ទាំងក្នុងវិស័យសិក្សាស្រាវជ្រាវ សុខាភិបាល កសិកម្ម និង ឧស្សាហកម្ម ក៏ដូចជាការជួយព្យាករណ៍អាកាសធាតុ និងគ្រប់គ្រងសត្វល្អិត ដើម្បីបង្កើនទិន្នផលដំណាំឱ្យកាន់តែមានប្រសិទ្ធភាព។

ទោះជាយ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងគុណសម្បត្តិដ៏មហាសាលនេះ AI ក៏បាននាំមកនូវហានិភ័យយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារ និង យុវជនដែលជាវ័យងាយរងគ្រោះបំផុត តាមរយៈការបង្កើតរូបភាព វីដេអូ និងសំឡេងក្លែងក្លាយ ដែលបច្ចុប្បន្នមានបច្ចេកទេស ខ្ពស់រហូតស្ទើរតែមិនអាចបែងចែកដឹងថា ជាការពិតឬយ៉ាងណា បង្កឱ្យមានការឆបោកក្នុងរូបភាពអាសអាភាសក្លែងក្លាយ ឬការក្លែងសំឡេងមនុស្សជិត ស្និទ្ធដើម្បីទាញយកផលប្រយោជន៍ខុសច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទាញការកត់សម្គាល់ មកគូសបញ្ជាក់ថា ទោះបីជា AI ជាសមិទ្ធផលវិទ្យាសាស្ត្រ ដែលមនុស្សបង្កើតឡើង ដើម្បីបម្រើដល់ភាពងាយស្រួល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប៉ុន្តែក៏មានបុគ្គលមួយចំនួនតូចបានយកបច្ចេកវិទ្យានេះមកប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាន ដោយសារភាពភ្លើតភ្លើន និងមហិច្ឆតាលោភលន់ រហូតប្រព្រឹត្តអំពើ ទុច្ចរិតដើម្បីផលចំណេញផ្ទាល់ខ្លួន។

បើតាម ឧបនាយករដ្ឋមន្ត្រី ស សុខា កន្លងមក ក្រសួងមហាផ្ទៃកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ដែលប្រើប្រាស់រូបភាព AI ក្នុងបំណងទម្លុះប្រព័ន្ធសុវត្ថិភាពទិន្នន័យបុគ្គល និងការលួចបន្លំអត្តសញ្ញាណដើម្បីផ្ទេរប្រាក់ដោយខុសច្បាប់។ ទន្ទឹមនោះ ប្រមុខក្រសួងមហាផ្ទៃ បានអំពាវនាវដល់គ្រឹះស្ថានសិក្សា មាតាបិតា និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាពង្រឹងការយល់ដឹងពីរបៀបប្រើប្រាស់បច្ចេកវិទ្យា AI ឱ្យបានត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់បំផុត ចំពោះមុខច្បាប់។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់ថា ការការពារខ្លួន ពីហានិភ័យឌីជីថល មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយឡើយ ប៉ុន្តែវាជាការ ទទួលខុសត្រូវរួមគ្នា ដើម្បីធានាថាការរីកចម្រើន នៃបច្ចេកវិទ្យានឹងក្លាយជា ឧបករណ៍សម្រាប់កសាងសង្គមជាតិ។ ជាក់ស្ដែង ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការប្រព័ន្ធ បច្ចេកវិទ្យាក្នុងគ្រប់យន្តការនៃការគ្រប់គ្រងតាមបណ្ដាអង្គភាពចំណុះ ពិសេសការដាក់ឱ្យដំណើរ ការសេវាសាធារណៈទាំងកម្រិតក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ នូវប្រព័ន្ធបច្ចេកវិទ្យាផ្ដល់ជំនួយបន្ថែមដោយAI ដើម្បីផ្ដល់សេវា ជូនពលរដ្ឋបានឆាប់រហ័ស និងមានគុណភាព៕

Leave a Reply

Your email address will not be published. Required fields are marked *