ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ ការចេញលិខិតបដិសេធតាមផ្លូវច្បាប់របស់កម្ពុជា មិនទទួលស្គាល់ការគ្រប់គ្រងរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា មានអត្ថប្រយោជន៍សំខាន់តាមច្បាប់អន្តរជាតិ និងការទូត
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការចេញលិខិតបដិសេធតាមផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូត។
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរៀបរាប់ថា៖ «មានបងប្អូនយើងខ្លះចោទជាសំណួរតាមបែបចំអកដោយប្រមាថមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខ្មែរខ្លួនឯងដោយនិយាយថា «ការចេញលិខិតបដិសេធជាបន្តបន្ទាប់មិនទទួលស្គាល់ចំពោះការឈ្លានពាន និងគ្រប់គ្រងលើទឹកដីខ្មែរដោយយោធាថៃ, តើវាបានប្រយោជន៍ស្អី? បានដីមកវិញដែរ ឬទេ? ឥឡូវនេះថៃវាកំពុងយកដី»។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជម្រាបជូនថា ការចេញលិខិតបដិសេធតាមផ្លូវច្បាប់មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូតដូចជា៖
ទី១/ បើយើងមិនចេញលិខិតបដិសេធ ( protest note)ទេ មានន័យថា ការកាន់កាប់លើទឹកដីខ្មែរដោយយោធាថៃគឺស្របច្បាប់ យល់ព្រមឲ្យទឹកដីខ្មែរទៅថៃដោយសន្តិវិធី។
ទី២/ ការចេញលិខិតបដិសេធបានបញ្ជាក់តាមផ្លូវច្បាប់ថា: ការគ្រប់គ្រងលើទឹកដីកម្ពុជាដោយយោធាថៃ គឺជាការគ្រប់គ្រងខុសច្បាប់ក្នុងរយ:ពេលមួយបណ្តោះអាសន្នតែប៉ុណ្ណោះ។
ទី៣/ លិខិតបដិសេធនឹងក្លាយជា ឯកសារផ្លូវការសំខាន់ដែលបង្ហាញថា កម្ពុជាបានប្រឆាំងជាបន្តបន្ទាប់ មិនដែលទទួលស្គាល់ការឈ្លានពានរបស់ទាហានថៃ ដើម្បីទុកប្រើប្រាស់ជាភស្តុតាងតាមផ្លូវតុលាការអន្តរជាតិ។
ទី៤/ បង្ហាញថាកម្ពុជា គោរពច្បាប់អន្តរជាតិ និងដោះស្រាយវិវាទតាមផ្លូវច្បាប់ដោយសន្តិវិធី មិនប្រើកម្លាំងយោធាវាយតបតវិញ។ នេះជាវិធីល្អមួយដែលអាចជួយរកការគាំទ្រពីប្រទេសនានា ឬពីសហគមន៍អន្តរជាតិ។
និងទី៥/ ការចេញលិខិតបដិសេធគឺប្រឆាំងទប់នឹងពាក្យ tacit consent។ ក្នុងច្បាប់អន្តរជាតិ ប្រសិនបើមានភាពស្ងៀមស្ងាត់យូរ មិនបដិសេធអាចត្រូវបានគេបកស្រាយថាបានទទួលស្គាល់ដោយសន្តិភាពគ្មានការតវ៉ា។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា សរុបសេចក្តីមក រាល់ការចេញលិខិតបដិសេធតាមផ្លូវការរបស់រាជរដ្ឋាភិបាលគឺជាការការពារអធិបតេយ្យភាព រក្សាជំហរតាមផ្លូវច្បាប់ បង្កើតភស្តុតាងសម្រាប់ប្រើនៅក្នុងផ្លូវតុលាការ ទប់ស្កាត់ fait accompli និងបាននឹងកំពុងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ៕