ការចាប់និងឃុំខ្លួនអ្នកសារព័ត៌មានជាបន្តបន្ទាប់ គឺផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន ប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាល!
ភ្នំពេញ ៖ បន្ទាប់ពីល្បីកក្រើកនៅលើបណ្ដាញសង្គម ពាក់ព័ន្ធករណីសមត្ថកិច្ចនគរបាលខេត្តតាកែវ ចាប់ខ្លួនអ្នកកាសែត២នាក់ រឿងចុះផ្សាយព័ត៌មាន.!។
នៅថ្ងៃទី១៩.០២.២០២៦ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលមានឯកឧត្តម ហ៊ុយ វណ្ណៈ ជាប្រធាន បានធ្វើការកត់សម្គាល់ជាមួយក្តីកង្វល់ថា អ្នកសារព័ត៌មាន ត្រូវបានកោះហៅ ឃាត់ខ្លួន ចាប់ខ្លួន និងឃុំខ្លួន បានកើតមានឡើងជាបន្តបន្ទាប់។
ការធ្វើបែបនេះគឺមិនអនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានជាធរមាន និងបង្កឱ្យប៉ះពាល់ដល់គោលនយោបាយ រាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែងកសាងសង្គមជាតិមួយប្រកបដោយ នីតិរដ្ឋ និងមានសុខដុមរមនា។ ផ្ទុយទៅវិញ ការអនុវត្តដូចខាងលើ បានបង្កើតជារូបភាពឱ្យទៅបរទេសចាប់យកជាមូលដ្ឋានធ្វើជារបាយការណ៍ និងវាយតម្លៃចោទប្រកាន់ដោយអយុត្តិធម៌មកលើរាជរដ្ឋាភិបាលកម្ពុជា ថាបំភិតបំភ័យ បំបាក់ស្មារតី និងធ្វើទុក្ខបុក ម្នេញលើសេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិ។
ជាមួយគ្នា កម្មវិបាកដែលជះមកវិញនិងមិនគួរមើលរំលងគឺជាការធ្វើឱ្យរេចរឹលជំនឿលើការអនុវត្តច្បាប់ និងដាក់បន្ទុកបង្កការលំបាកដល់ រាជរដ្ឋាភិបាល ចំពោះសាធារណមតិទាំងក្នុងប្រទេស និងមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ។
*សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏កត់សម្គាល់ឃើញដែរថា នីតិវិធីនិងរបៀបរបបនៃការអនុវត្តលើករណីមួយចំនួន បានឃ្លាតឆ្ងាយពី «គោលការណ៍សច្ចធារណ៍នៃនិរទោស» ដែលជាគោលការណ៍ច្បាប់ជាមូលដ្ឋាន និងជាសិទ្ធិមួយ ដែលត្រូវបានការពារតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិផងដែរ ហើយដែលមិនគួរបន្តឱ្យកើតមានទៀតឡើយ។
ការមិនអនុលោមតាមគោលការណ៍ខាងលើ មិនមែនជាវិធីដោះស្រាយបញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមស្មារតីច្បាប់នោះទេ ប៉ុន្តែជាការបង្កើតសំណួរបន្ថែម និងជាការពង្រីកបញ្ហាបន្ថែម ព្រមទាំងបានធ្វើឱ្យ ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គល, ប៉ះពាល់ដល់កិត្តិយសរបស់ក្រុមគ្រួសារសាច់ញាតិ, ប៉ះពាល់គោលការណ៍នីតិរដ្ឋ, និងសំខាន់ជាងនេះគឺប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាលនិងប្រទេសជាតិ។
*សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងមន្ត្រីអនុវត្តច្បាប់ផងដែរ សូមពិចារណាឡើងវិញអំពីវិធីសាស្ត្រអនុវត្តនីតិវិធីសម្រាប់ការដោះស្រាយបញ្ហា។ ជាមួយគ្នា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមក្រើនរំលឹកដល់អ្នកសារព័ត៌មាន ឱ្យប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាអាវក្រោះដ៏ចាំបាច់ និងជាស្នូលនៃជំនឿ។
ជាថ្មីម្តងទៀត សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដ៏ទទូចដល់ផ្នែកពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ និងងាកមកប្រើប្រាស់ «ច្បាប់ស្តីពីរបបសារព័ត៌មាន» សម្រាប់ជាមូលដ្ឋានចាត់ការលើវិវាទទាំងឡាយ ដែលពាក់ព័ន្ធសេរីភាពសារព័ត៌មាន ដោយមិនគួរមើលរំលងចំពោះច្បាប់នេះឡើយ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រៀមខ្លួនផ្តល់ការពិគ្រោះយោបល់ជូនភាគីពាក់ព័ន្ធអំពីទិដ្ឋភាពច្បាប់និងវិស័យពាក់ព័ន្ធ ដើម្បីរួមគ្នាកែលម្អស្ថានភាពនេះ។ សូមចងចាំថា ពិន្ទុនិងតម្លៃសង្គមកម្ពុជា គឺជាតម្លៃរួមរបស់យើងទាំងអស់គ្នា។
សូមជម្រាបថា៖ លោក ព្រហ្ម សុផៃ សហការីកាសែតកោះសន្តិភាព និងលោក ស៊ាង ប៊ុនសុង ចាងហ្វាង Sunday News ត្រូវបានសមត្ថកិច្ចការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២.០២.២០២៦ នៅកន្លែងផ្សេងគ្នា រួចបញ្ជូនមកកាន់ស្នងការខេត្តតាកែវ ដើម្បីសួរនាំ…!។
សេចក្តីរាយការណ៍បានឱ្យ”ដើមរាំង”ដឹងថា ការឃាត់ខ្លួនអ្នកសារព័ត៌មានទាំង២នាក់ខាងលើ ពាក់ព័ន្ធនឹងបទ”ញុះញង់បង្កភាពចលាចលក្នុងសង្គម”។ ក្រោយពួកគាត់ចុះផ្សាយ ពាក់ព័ន្ធទីតាំង Online Scam មួយកន្លែង។
បន្ទាប់ពីរងការឃាត់ខ្លួន សួរនាំអស់រយៈពេលជាង១ថ្ងៃ និងបញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ នៅល្ងាចថ្ងៃទី១៣.០២.២០២៦ លោក ស៊ាង ប៊ុនសុង និងលោក ព្រហ្ម សុផៃ ត្រូវបានដោះលែងវិញ ខណៈអ្នកកាសែតនៅខេត្តបន្ទាយមានជ័យម្នាក់ និងអ្នកកាសែត នៅខេត្តឧត្ដរមានជ័យម្នាក់ទៀត កំពុងស្ថិតក្រោមការឃុំខ្លួន ក្រោយចុះផ្សាយព័ត៌មាន និងត្រូវចោទប្រកាន់ក្នុងបទល្មើសព្រហ្មទណ្ឌ៕



