សម្តេចតេជោ ណែនាំឱ្យក្រុមសម្តែងក្នុងពិធីបុកល័ក្ត រៀបចំកាយវិការនិងពាក្យពេចន៍ ជៀសវាងប៉ះពាល់ សាសនាឥស្លាម
ភ្នំពេញ៖ បន្ទាប់ពីបង្ហោះសារនៅទៀបភ្លឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពាក់ព័ន្ធប្រពៃណីបុកល័ក្ត ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ព្រោះមិនចង់ឃើញទំនាស់រវាងខ្មែរ និងខ្មែរ-ឥស្លាមកាន់តែរីកធំនោះ នៅព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារបន្ថែមថ្មីមួយទៀត ជុំវិញការសំដែងជាតួខ្មែរឥស្លាម ក្នុងពិធីបុកល័ក្តនេះ។
តាមរយៈសារថ្មីនេះ សម្តេចបានណែនាំឱ្យក្រុមសំដែងក្នុងពិធីបុកល័ក្ត ត្រូវពិនិត្យ និងកែតម្រូវឡើងវិញទាំងកាយវិការ និងពាក្យសំដីនិយាយ ដើម្បីកុំឱ្យប៉ះពាល់ព្រះរបស់បងប្អូនខ្មែរឥស្លាម។
សម្តេចបានបង្ហោះសារមានខ្លឹមសារទាំងស្រុងថា៖ «ក្បែរភ្លឺយប់មិញ ខ្ញុំបានបង្ហោះសារទាក់ទងដល់ពិធីបុកលក្ត័ ដែលមានតួសម្តែងជាខ្មែរឥស្លាម។ ឆ្លងកាត់នូវយោបល់របស់បងប្អូន ដែលជាខ្មែរឥស្លាមបង្ហាញឲ្យឃើញថា បងប្អូនមិនបានជំទាស់នឹងការសំដែង ដែលមានតួរសំដែងជាបងប្អូនខ្មែរឥស្លាមនោះទេ។
អ្វីដែលបងប្អូនមិនសប្បាយចិត្ត គឺពាក្យពេជនិងឥរិយាបទសំដែងខ្លះ ខ្វះការគោរពចំពោះព្រះរបស់ឥស្លាមទើបធ្វើឲ្យមានប្រតិកម្ម។ រឿងនេះសូមបងប្អូនគ្រប់ក្រុមសំដែង ត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ។
បងប្អូនឥស្លាមទូទាំងពិភពលោក គោរពខ្លាំងណាស់នូវព្រះអាល់ឡោះ ដូចនេះមិនអាចសំដែងប៉ះពាល់បានទេ។ ដូចនេះបញ្ហានេះបានចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសំដែង ឬក្រុមសំដែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ ទាំងពាក្យសំដី ទាំងកាយវិការ សម្រាប់ការសំដែង ជៀសវាងឲ្យខាងតែបាននូវពាក្យពេជ្រ ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម។ សូមឲ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនានៅកម្ពុជា បន្តរីកចម្រើនតទៅមុខទៀត៕
