ផ្ទុះឃ្លាំងគ្រាប់រំសេវរបស់ប៉ូលិសល្បាតព្រំដែនថៃយ៉ាងកក្រើក នៅខេត្តសុរិន្ទ
បាងកក៖ កងទ័ពភូមិន្ទថៃបានរាយការណ៍ឱ្យដឹងនាថ្ងៃទី២៤ ខែកុម្ភៈនេះថា មានករណីផ្ទុះ និងឆេះឃ្លាំងផ្ទុកគ្រាប់រំសេវរបស់កងកម្លាំងប៉ូលិសល្បាតព្រំដែនលេខ២១ ស្ថិតនៅលើផ្លូវវាងក្រុង ក្នុងស្រុកមឿង ខេត្តសុរិន្ទ កាលពីវេលាម៉ោងប្រមាណ ៧៖៣០នាទី។
អ្នកនាំពាក្យកងទ័ពថៃ ឧត្តមសេនីយ៍ទោ វីនថៃ ស៊ូវ៉ារី (Winthai Suvaree) បានឱ្យដឹងថា កងទ័ពបានចាត់បញ្ជូនកម្លាំង និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះទៅអន្តរាគមន៍ជួយអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីទប់ស្កាត់ការឆាបឆេះ រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ និងរឹតត្បិតសន្តិសុខនៅតំបន់ជុំវិញ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានណែនាំប្រជាពលរដ្ឋ ឱ្យបញ្ចៀសការធ្វើដំណើរឆ្លងកាត់តំបន់នោះផងដែរ ដើម្បីសុវត្ថិភាព។
ជុំវិញពាក្យចចាមអារ៉ាមដែលសង្ស័យថា ហេតុការណ៍នេះអាចជាអំពើបំផ្លិចបំផ្លាញដោយចេតនា លោក វីនថៃ បានសង្កត់ធ្ងន់ថា មូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ដោយពុំទាន់មានការសន្និដ្ឋានណាមួយទេ។ ទន្ទឹមគ្នានេះ លោកបានអំពាវនាវដល់សាធារណជនកុំឱ្យមានការស្លន់ស្លោ និងស្នើកុំឱ្យចែករំលែកព័ត៌មានដែលមិនទាន់មានប្រភពច្បាស់លាស់៕