ការត្រួតពិនិត្យជញ្ជីង ត្រូវស្តារសុចរិតភាព និងទំនុកចិត្តសាធារណៈ

admin By admin January 7, 2026

ខេត្តមណ្ឌលគិរី ៖ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យ និងជញ្ជីងថ្លឹងរថយន្ត នៅស្រុកកែវសីមា នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ គឺជាសកម្មភាព ត្រឹមត្រូវតាមច្បាប់ និងមានគោលដៅល្អ ក្នុងការធានាពាណិជ្ជកម្មដោយយុត្តិធម៌ ការពារអ្នកប្រើប្រាស់ កាត់បន្ថយការខូចខាតផ្លូវ និងគ្រោះថ្នាក់ចរាចរណ៍ពីការដឹកលើសទម្ងន់។ យ៉ាងណាមិញ បញ្ហាមិនស្ថិតនៅលើ “ច្បាប់ទេ” ប៉ុន្តែស្ថិតនៅលើ របៀបអនុវត្តច្បាប់។

ក្នុងការចុះពិនិត្យជាក់ស្តែង តែងមានការរិះគន់ពីអាជីវករ និងសាធារណៈថា មន្ត្រីជំនាញខ្លះ អនុវត្តការងារជ្រើសរើសគោលដៅ បែបមើលមុខមើលក្រោយ មើលផលប្រយោជន៍បក្សពួក ជាងគោលការណ៍ច្បាប់។ ការចុះពិនិត្យខ្លះ ត្រូវបានយល់ថា មិនមែនដើម្បីអនុវត្តច្បាប់ឲ្យមានសមភាពទេ ប៉ុន្តែដើម្បីបង្កសម្ពាធ ឬរកផលប្រយោជន៍ផ្ទាល់ខ្លួន ក្រោមស្លាក “ការងារត្រឹមត្រូវតាមច្បាប់”។

សូមបញ្ជាក់ឲ្យច្បាស់ថា” ច្បាប់ មិនមែនជាឧបករណ៍សម្រាប់មន្ត្រីមួយចំនួនប្រើដើម្បីបង្ខំ បំភ័យ ឬជ្រើសរើសអនុវត្តតាមចិត្តខ្លួនទេ។

ច្បាប់ ត្រូវអនុវត្តស្មើគ្នា ដោយតម្លាភាព និងគ្មានអភ័យឯកសិទ្ធិ មិនថាជាជញ្ជីងតូច ឬធំ មិនថាជាអាជីវករធំ ឬតូចឡើយ។ ការងារត្រួតពិនិត្យជញ្ជីង គឺជាការងារចាំបាច់ និងត្រូវធ្វើជាប្រចាំ ប៉ុន្តែបើគ្មានសុចរិតភាព វានឹងបម្លែងពី “ការការពារផលប្រយោជន៍សង្គម” ទៅជា “ការបំផ្លាញទំនុកចិត្តសង្គម”។ ប្រជាពលរដ្ឋមិនខ្លាចច្បាប់ទេ ប៉ុន្តែខ្លាច ការប្រើច្បាប់មិនត្រឹមត្រូវ។ ដើម្បីឲ្យការងារនេះក្លាយជាការងារដែលសង្គមទទួលស្គាល់ អាជ្ញាធរ និងមន្ត្រីជំនាញ ត្រូវ៖ អនុវត្តការត្រួតពិនិត្យដោយបើកចំហ និងមានឯកសារយោងច្បាស់លាស់ ប្រកាន់ខ្ជាប់សីលធម៌វិជ្ជាជីវៈ មិនបង្កសម្ពាធ មិនជ្រើសរើសកន្លែងអនុវត្ត ធ្វើការពន្យល់ឲ្យអាជីវករយល់ច្បាស់ មិនមែនប្រើអំណាចជំនួសហេតុផល ត្រូវអនុវត្តច្បាប់ដូចគ្នាទាំងអស់ ដើម្បីស្តារទំនុកចិត្តសាធារណៈឡើងវិញ។

សារព័ត៌មានរាល់ថ្ងៃធ្វើ ការរិះគន់នេះ មិនមែនដើម្បីវាយប្រហារមន្ត្រីណាម្នាក់ឡើយ ប៉ុន្តែដើម្បីរំលឹកថា អំណាចគ្មានតម្លៃ ប្រសិនបើគ្មានសុចរិតភាព។

សូមរំលឹកថា ច្បាប់នឹងមានន័យពិតប្រាកដ លុះត្រាតែវាបម្រើសង្គម មិនមែនបម្រើបក្សពួក។ នេះហើយជាស្មារតី នៃការរិះគន់ស្ថាបនា ដែលសារព័ត៌មានយើង មានកាតព្វកិច្ចបញ្ជូនពាក្យនេះ(សំឡេង)ដំណឹងទៅសង្គម និងស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្តច្បាប់នៅកម្ពុជា កាន់តែត្រឹមត្រូវ តម្លាភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *