ក្រសួងបរិស្ថានលែងកូនក្តាមថ្មជាង៨០០០ក្បាល ទៅក្នុងធម្មជាតិ ដើម្បីជួយពង្រឹងប្រព័ន្ធអេកូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ

admin By admin February 27, 2026

ខេត្តកោះកុង៖ ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានលែងកូនក្តាមថ្ម៤០០គីឡូក្រាម ស្មើនឹចំនួនកូនក្តាមចំនួនប្រមាណ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុងសហគមន៍តំបន់ការធម្មជាតិ ពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីស្តារធនធានជលផល ពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជា និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។

លោក ស៊ុយ ធា ប្រធាននាយកដ្ឋានអភិរក្សនិងតំបន់ឆ្នេរនិងសមុទ្រ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពលែងក្តាមថ្មនាថ្ងៃនេះ ក្នុងគោលបំណង បង្កើនធនធានក្តាមថ្ម នៅក្នុងតំបន់សមុទ្រ និងក៍ដូចជា ការអប់រំណែនាំ ដល់បងប្អូនសហគមន៍ ចូលរួមថែរក្សាការពារធម្មជាតិដូចជា ព្រៃកោងកាង និងជនធានជីវៈចម្រុះនៅក្នុងព្រៃកោងកាង នៅក្នុងតំបន់ការពារធម្មជាតិ ឱ្យមានភាពល្អប្រសើរ និងជាកន្លែងស្តុកធនធានសមុទ្រ បង្កើនការចូលរួមការពារធនធានសមុទ្រក៍ដូចជាធនធានជីវចម្រុះនៅក្នុងតំបន់ព្រៃកោងកាង និងការដកហូតធនធានសមុទ្រប្រកបដោយចីរភាព។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងឱ្យដឹងថា ការអភិរក្សធនធានធម្មជាតិមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងផ្តល់ចំណូលសេដ្ឋកិច្ចក្មូលដ្ឋានរបស់ប្រជាពលរដ្ឋ ទើបមានការលែងក្តាមទាំងនេះចូលទៅព្រៃកោងកាង ដែលជាជម្រករបស់ពួកវា។ ឯកឧត្តម ក៏ស្នើដល់ប្រជាពរដ្ឋចូលរួមការពារអភិរក្សធនធានជលផលដែលកំពុងមានបន្ថែមទៀតទៅអនាគត ចៀសវាងការនេសាទខុសច្បាប់ហាមឃាត់ក្នុងតំបន់ការពារធម្មជាតិ។

លោក បានបន្តថា ក្រៅពីលែងក្តាមពូជទាំងអស់នេះហើយ សូមប្រជាសហគមន៍បន្តដាំស្តារព្រៃកោងកាងបន្ថែមទៀត ដើម្បីបង្កើនគម្របព្រៃបៃតងកាន់តែច្រើន។ ក្រសួង និងមន្ទីរបរិស្ថានរាជធានីខេត្ត បានបណ្តុះកូនឈើជាច្រើនលានដើមចែកជូនដល់មហាជន យកទៅដាំដុះនៅតាផ្ទះ វត្តអារាម ឬទីសាធារណៈ និងដាំស្តារព្រៃសហគមន៍។ នៅឆ្នាំ២០២៦ ក្រសួងបរិស្ថានគ្រោងចែកកូនឈើ៥លានដើមបន្ថែមទៀត។

បើតាមលោក ខ្វៃ អាទិត្យា ការពង្រឹងអភិរក្សធនធានធម្មជាតិនេះ មិនត្រឹមតែយន្តការបន្សាំនឹងការប្រែប្រួលអាកាសធាតុនោះ ពោលគឺវាជួយបង្កើនចំនួនធនធានជលផល និងទាក់ទាញអ្នកទេសចរណ៍ ដែលជួយអភិវឌ្ឍន៍ជីវភាពប្រជាជនផងដែរ។

លោក អន សុធារិទ្ធិ អភិបាលរងខេត្តកោះកុង ចាត់ទុកការលែងកូនក្តាម និងពូជក្តាមថ្មនៅតំបន់សហគមន៍អេកូទេសចរណ៍ព្រៃកោងកាងពាមក្រសោប និងតំបន់ការពារធនធានធម្មជាតិបឹងកាឆាងនេះ ជាការធានាសន្តិសុខស្បៀងអាហារទៅថ្ងៃមុខ ក៏ដូចជាជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋតាមតំបន់ឆ្នេរ និងបន្សាំការប្រែប្រួលអាកាសធាតុផងដែរ។

លោកអភិបាលរងខេត្តកោះកុង ខេត្តក៏មានវារីប្បកម្មចិញឹម ក្តាមថ្ម ក្តាមសេះ និងត្រី សំដៅដល់មិនរំពឹងលើការនេសាទបែបធម្មជាតិនោះឡើយ។ គួរកត់សម្គាល់ថា ក្ដាមក៏ដូចជាធនធានជលផលសមុទ្រជាច្រើនប្រភេទ កំពុងរងគ្រោះពីការនេសាទ និងថយចុះគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ការលែងកូនក្ដាមថ្មនៅពេលនេះ គឺជួយបង្កើនធនធានក្ដាមឱ្យមានកាន់តែច្រើន តាមរយៈការលែងចូលក្នុងសមុទ្រ ព្រៃកោងកាង និងសហគមន៍មូលដ្ឋាននានា៕

Leave a Reply

Your email address will not be published. Required fields are marked *