ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ជិះស៊ីក្លូភ្នំពេញ-ស្ទឹងត្រែង គាំទ្រសមាគមស៊ីក្លូ និងអបអរសាទរទិវាទីក្រុងស្អាត២០២៦
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះស៊ីក្លូពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមពាក្យស្លោក៖ ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរួមគ្នា ក្រោមប្រធានបទ៖ «ស្ទឹងត្រែងលើសពីទន្លេ, លើសពីធម្មតា» នេះសបញ្ជាក់ឱ្យឃើញពីខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ប្លែក និងសម្បូរបែប ព្រមទាំងដើម្បីជួយគាំទ្រដល់សមាគមស៊ីក្លូកម្ពុជាទៀតផង។

ក្នុងព្រឹត្តិការណ៍នាព្រឹកព្រលឹមនេះ មានការអញ្ជើញចូលរួមពីលោក ហួត ហៃ អភិបាលរងអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោកអគ្គនាយក, លោកប្រធានមន្ទីរទែសចរណ៍ខេត្តស្ទឹងត្រែង, តំណាងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ, លោកស្រី ឡុង សុខហ៊ួយ ប្រធានសមាគមស៊ីក្លូកម្ពុជា, មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងអ្នកធាក់ស៊ីក្លូសរុបប្រមាណ ១០០នាក់។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនាព្រឹកដ៏ត្រជាក់នៃសន្តិភាព គឺដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ ដែលតាមរយៈសារលិខិតនេះបានសង្កត់ធ្ងន់ជាមួយនឹងការអំពាវនាវលើកទឹកចិត្តដល់គ្រប់ផ្នែក គ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន លំនៅដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍គ្រប់ទីកន្លែងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យយកចិត្តលើភាពស្អាត សោភ័ណភាព សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ ពោលគឺនេះបានបង្ហាញអំពីសក្តានុពល កិត្យានុភាពពីកិត្តិនាមរបស់កម្ពុជាទៅកាន់ពិភពលោក និងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិគ្រប់ទិសទីទាំងអស់នៅលើពិភពលោកឱ្យអញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប៕



