ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជំរុញដល់យុវជន ត្រូវចេះលេងកីឡាមួយសម្រាប់បង្កើនសុខភាព បណ្តុះស្មារតីសាមគ្គីភាព និងលើកកម្ពស់វិស័យកីឡាឱ្យកាន់តែរស់រវើក

admin By admin March 2, 2026

ខេត្តមណ្ឌលគិរី ៖ ក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់ ឯកឧត្ដម អភិបាលខេត្ដមណ្ឌលគិរី និងជើងឯកភូមិភាគឦសានលើកទី៤ នាល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានជំរុញដល់យុវជនទាំងអស់ ត្រូវចេះលេងកីឡា ដើម្បីបង្កើនសុខភាពល្អ បណ្តុះស្មារតីសាមគ្គីភាព ជាពិសេស ពង្រឹងសាមគ្គីភាពរវាងខេត្តក្នុងភូមិភាគឦសាន និងការរួមចំណែកលើកស្ទួយវិស័យកីឡាឱ្យកាន់តែរស់រវើក ពិធីនេះប្រព្រឹត្តទៅនៅក្លឹបកីឡាវាយសី នៅបរិវេណសាលាខេត្តមណ្ឌលគិរី។

លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការប្រកួតវាយសីពានរង្វាន់ ឯកឧត្ដម អភិបាលខេត្ដមណ្ឌលគិរី និងជើងឯកភូមិភាគឦសានលើកទី៤ ឆ្នាំ២០២៦នាពេលនេះ បានបង្ហាញពីស្មារតីកីឡា ការសាមគ្គីភាព មិត្តភាព និងការប្រកួតប្រជែងដោយសុចរិតភាពយ៉ាងល្អប្រសើរ។ លោក អភិបាលរងខេត្ត បានសម្តែងការកោតសរសើរចំពោះគណៈកម្មការរៀបចំការប្រកួត ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ជាពិសេស សូមអបអរសាទរចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមប្រកួតដោយគោរពវិន័យ និងស្មារតីកីឡាដ៏ល្អប្រសើរ។ លោក បន្ថែមថា ការប្រកួតវាយសី មិនត្រឹមតែជាការបង្ហាញសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏សំខាន់សម្រាប់បង្កើនសុខភាព ការរឹងមាំ សាមគ្គីភាព និងការយល់គ្នារវាងគ្នាទៀតផង ហើយកីឡាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិឱ្យរីកចម្រើន។ លោក អភិបាលរងខេត្ត បានអំពាវនាវដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីសក្តានុពល និងវិស័យទេសចរណ៍នានា នៅភូមិភាគឦសាន ដើម្បីឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ បានស្គាល់កាន់តែច្បាស់ និងចូលរួមទស្សនាកាន់តែច្រើនឡើង។

លោក ម៉ែន ផល្លីន នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានសម្ព័ន្ធកីឡាវាយសីខេត្ដមណ្ឌលគិរីស្តីទី បានឱ្យដឹងថា  “ការប្រកួតកីឡាវាយសីពានរង្វាន់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ភូមិភាគឦសានលើកទី៤ ឆ្នាំ២០២៦”នាពេលនេះ មានកីឡាករ កីឡាការិនីសរុបចំនួន ៩២នាក់ ដែលអញ្ជើញមកពីសម្ព័ន្ធកីឡាវាយសី និងក្លឹបធំៗចំនួន ០៦ ក្នុងភូមិភាគឦសាន។ លោក បន្ថែមថា ចំពោះលទ្ធផលតាមពូលនីមួយៗ រួមមាន ៖ ១.កីឡាករ ពូល A មាន ៨គូរ ៖ លេខ១ (មណ្ឌលគិរី) លេខ២ (ក្រចេះ) លេខ៣ (Badminton central) ២.កីឡាករ ពូល B មាន ១២គូរ  ៖ លេខ១ (មណ្ឌលគិរី) លេខ២ (មណ្ឌលគិរី) លេខ៣ (មណ្ឌលគិរី) ៣.កីឡាករ ពូល C មាន ១៧គូរ ៖ លេខ១ (មណ្ឌលគិរី) លេខ២ (មណ្ឌលគិរី) លេខ៣ (ស្ទឹងត្រែង) ៤.កីឡាករ ពូល D មាន ១២គូរ ៖ លេខ១ (មណ្ឌលគិរី) លេខ២ (មណ្ឌលគិរី) លេខ៣ (មណ្ឌលគិរី) ៕

Leave a Reply

Your email address will not be published. Required fields are marked *