រដ្ឋមន្រ្តី ហេង សួរ ចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស និងការធ្វើបរិវត្តកម្មប្រព័ន្ធ TVET របស់កម្ពុជា ឆ្លើយតបតម្រូវការឧស្សាហកម្ម និងការវិវត្តនៃបច្ចេកវិទ្យា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងជាវាគ្មិនកិត្តិយសក្នុង «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦» ក្រោមប្រធានបទ «ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប»។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការវិនិយោគលើមូលធនមនុស្ស គឺជាការវិនិយោគលើផលចំណេញរួមនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យវិស័យឯកជន និងដៃគូពាក់ព័ន្ធក្នុងតំបន់អាស៊ាន ពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលទៅលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារឱ្យបានរឹងមាំ ដើម្បីធានាបាននូវភាពប្រកួតប្រជែង កំណើនប្រកបដោយបរិយាបន្ន និងការឆ្លើយតបយ៉ាងរហ័សទៅនឹងតម្រូវការឧស្សាហកម្មទំនើប។

កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមនៃ «ជំនាញ» តាមរយៈកិច្ចសហការរវាងរដ្ឋ និងឯកជន ក្នុងការបណ្តុះបណ្តាលវិស្វករម៉េកាត្រូនិក និងអ្នកជំនាញបច្ចេកទេស ព្រមទាំងបញ្ចូលការពិភាក្សាពីបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាស្នូល។ ជាក់ស្តែង ផ្អែកលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤–២០២៨ ក្រសួងកំពុងជំរុញយ៉ាងសកម្មនូវគោលការណ៍ «ពលរដ្ឋម្នាក់ទទួលបានយ៉ាងហោចណាស់ជំនាញមួយសម្រាប់ជីវិត ហើយគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ»។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជាផ្តល់ជូនវិនិយោគិននូវកម្លាំងពលកម្មវ័យក្មេង សកម្ម និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលត្រូវបានគាំទ្រដោយប្រព័ន្ធបណ្តុះបណ្តាលជាតិដ៏រីកចម្រើន និងការប្តេជ្ញាចិត្តរឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ TVET រួមទាំងការពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

តាមរយៈការវិនិយោគយុទ្ធសាស្ត្រលើ TVET កម្មវិធីបណ្តុះបណ្តាលជាតិ (រួមទាំងកម្មវិធីបណ្តុះបណ្តាលយុវជន ១,៥លាននាក់) និងកិច្ចសហការជាមួយឧស្សាហកម្ម កម្ពុជាបានកសាងកម្លាំងពលកម្មដែលមានសមត្ថភាពគាំទ្រឧស្សាហកម្មផលិតកម្មសម័យទំនើប វិស័យសេវាកម្ម និងឧស្សាហកម្មកំពុងកើតមានថ្មីៗ។ ជាមួយនឹងប្រជាជនវ័យធ្វើការច្រើន ប្រព័ន្ធបណ្តុះបណ្តាល បត់បែន និងមូលនិធិអលភិវឌ្ឍន៍ជំនាញដែលបានបែងចែកថវិកាច្បាស់លាស់ កម្ពុជាផ្តល់ជូនវិនិយោគិនទាំងកម្លាំងពលកម្មដែលអាចប្រើប្រាស់បានភ្លាមៗ និងសមត្ថភាពអភិវឌ្ឍធនធានមនុស្សរយៈពេលវែងយ៉ាងរឹងមាំ៕
