ឯកឧត្តម ប៉ែន បូណា៖ «ព័ត៌មាន គឺជាអាវុធយុទ្ធសាស្ត្រ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប»
ភ្នំពេញ៖ «នៅក្នុងយុគសម័យបច្ចុប្បន្នដែលបច្ចេកវិទ្យាព័ត៌មានបានរីកលូតលាស់យ៉ាងខ្លាំង ព័ត៌មានត្រូវបានចាត់ទុកជាអាវុធយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតដែលមិនអាចមើលស្រាលបានឡើយ»។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមបានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពី ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីកងរាជអាវុធហត្ថប្រមាណជាង ១៥០ នាក់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តសង្កត់ធ្ងន់ថា សមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានខិតខំបំពេញការងារយ៉ាងសកម្ម ដោយបានលះបង់ពេលវេលា កម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ទាំងយប់ ទាំងថ្ងៃ ដោយគ្មានពេលសម្រាកថ្ងៃបុណ្យ ឬថ្ងៃចុងសប្តាហ៍ឡើយ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ដូច្នេះ គុណតម្លៃទាំងនេះគួរត្រូវបានបង្ហាញឱ្យប្រជាពលរដ្ឋបានយល់ដឹងយ៉ាងទូលំទូលាយតាមរយៈការផ្សព្វផ្សាយជាបុរេសកម្ម និងប្រកបដោយប្រសិទ្ធភាពដោយប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម័យទំនើប។

ឯកឧត្តម ប៉ែន បូណា បន្តទៀតថា ទន្ទឹមនឹងនោះដែរ ការឆ្លើយតបយ៉ាងសកម្មចំពោះ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ព័ត៌មានក្លែងក្លាយ និងការបំផ្លើសបំភ្លៃនានា តែហ៊ានទទួលស្គាល់ព័ត៌មានពិត គឺជាការងារចាំបាច់ដែលត្រូវធ្វើដំណាលគ្នា ដើម្បីរក្សាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ច។ ក្នុងន័យនេះ ឯកឧត្តមបានថ្លែងកោតសរសើរចំពោះក្រុមការងារព័ត៌មាននិងនាំពាក្យរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានធ្វើការងារនេះបានយ៉ាងល្អ។ លោកក៏បានចែករម្លែកគន្លឹះសំខាន់ៗជាច្រើនដល់សិក្ខាកាមដើម្បីយល់ដឹងបន្ថែមពីព័ត៌មាននិងសាធារណមតិ។

សូមបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៤ រួមមាន៖ ១. យល់ដឹងពីកិច្ចការនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន, ២. ចែករំលែកពីបទពិសោធកិច្ចការនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន, ៣. បង្កើននូវជំនាញអ្នកនាំពាក្យ និងក្រុមព័ត៌មានប្រកបដោយវិជ្ជាជីវៈ និង៤. កសាងបណ្តាញរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន៕

