ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅសិង្ហបុរី

admin By admin March 9, 2026

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី, ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១០ដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែង ការគួរសមចំពោះ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងជួបពិភាក្សាការងារ ជាមួយ លោកបណ្ឌិត វីវៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

កិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរ នឹងផ្តោតលើការ ជំរុញទំនាក់ទំនងទ្វេភាគី ដ៏យូរអង្វែង និងកក់ក្តៅ តាមរយៈការស្វែងរកវិស័យថ្មីៗ ដែលមានសក្តានុពលសម្រាប់ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ។

សូមបញ្ជាក់ថា ទស្សនកិច្ចផ្លូវការនេះបញ្ជាក់យ៉ាងមុតមាំអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយបង្ហាញអំពីការប្តេជ្ញាចិត្តរួម និងទស្សនវិស័យឆ្ពោះទៅមុខ សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់ កម្រិតថ្មី ដោយប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូល្អក្នុងការចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែងនៅក្នុងតំបន់៕

Leave a Reply

Your email address will not be published. Required fields are marked *