បុរសវ័យចំណាស់ដែលបានប្រើអំពើហិង្សាលើប្រពន្ធ បង្កការរិះគន់ពេញបណ្តាញសង្គមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

admin By admin March 10, 2026

ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ដែលបានប្រើអំពើហិង្សាវាយដំលើប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ បន្ទាប់ពីមានវីដេអូដែលបានបង្ហាញតាមបណ្ដាញសង្គមពីសកម្មភាពហិង្សានោះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បង្កការភ្ញាក់ផ្អើល និងបានការរិះគន់ពីសំណាក់មហាជនចំពោះអំពើហិង្សាក្នុងគ្រួសារ។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី។ ក្រោយពីក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត បានពិនិត្យឃើញវីដេអូបង្ហោះកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដែលបង្ហាញពីអំពើហិង្សាលើស្ត្រី ស្នងការដ្ឋានបានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ ចុះស្រាវជ្រាវ និងស៊ើបអង្កេតភ្លាមៗ។

លោក ចៅ នាង ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តរតនគីរី បានបញ្ជាក់ថា តាមការស្រាវជ្រាវ ករណីហិង្សានេះបានកើតឡើងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៦ និង៣០នាទីព្រឹក នៅចំណុចការដ្ឋានទី៤ ឡូត៍៦៥ ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។

ជនសង្ស័យមានឈ្មោះ ហ៊ុន សារិន អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បានប្រើអំពើហិង្សាវាយដំលើស្ត្រីឈ្មោះ អាន ស្រីនី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ដែលត្រូវជាប្រពន្ធរបស់ខ្លួន ដូចដែលបានបង្ហាញក្នុងវីដេអូដែលផ្សព្វផ្សាយលើបណ្តាញសង្គម។
   
លោក ចៅ នាង បានឲ្យថា ក្រោយពីសមត្ថកិច្ចជំនាញចុះដល់ទីតាំងកើតហេតុ និងប្រមូលបានព័ត៌មាន ពីប្រជាពលរដ្ឋនៅជុំវិញកើតហេតុរួមមក កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបន្តនីតិវិធីតាមច្បាប់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ករណីនេះ ក៏បានបង្ហាញឲ្យឃើញពីបញ្ហាសង្គមមួយចំនួនដែលនៅតែជាបញ្ហាប្រឈមក្នុងសហគមន៍ ជាពិសេសអំពើហិង្សាក្នុងគ្រួសារ ដែលភាគច្រើនកើតឡើងដោយសារខ្វះការគ្រប់គ្រងអារម្មណ៍ ការខ្វះសីលធម៌ក្នុងជីវិតគ្រួសារ និងជាញឹកញាប់ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងស្រវឹង ដែលអាចបណ្តាលឲ្យបាត់បង់ការគិតពិចារណា និងធ្វើសកម្មភាពហិង្សាដោយមិនគិតពីផលប៉ះពាល់។

មហាជន និងអង្គការសង្គមស៊ីវិលជាច្រើន បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការគោរពសីលធម៌ក្នុងគ្រួសារ រក្សាសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដោះស្រាយបញ្ហាជម្លោះតាមវិធីសន្តិភាព ដើម្បីជៀសវាងអំពើហិង្សាដែលអាចបំផ្លាញទំនាក់ទំនងគ្រួសារ និងប៉ះពាល់ដល់សង្គមទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *