អភិបាលខេត្តរតនគិរី ជំរុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលត្រូវកែលម្អចំណុចខ្វះខាតមួយចំនួន ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ
ខេត្តរតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជំរុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៅខេត្ត ត្រូវកែលម្អចំណុចខ្វះខាតមួយចំនួន ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

ការជំរុញបែបនេះធ្វើឡើង ក្នុងឱកាស ដែលឯកឧត្តម អញ្ជើញជាអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា បូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៦ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត (អគារទីតាំងថ្មី) រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ញ៉ែម សំអឿន បញ្ជាក់ថា ចំនុចដែលត្រូវកែលម្អរ រួមមាន៖ ១.បន្តពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាព បុស្តិ៍សុខភាព។ ២.បន្តលើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់មន្ត្រី។ ៣.ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការផ្តល់សេវា ២៤ម៉ោង/២៤ម៉ោង និង ៧ថ្ងៃ/សប្តាហ៍។ ៤.ពង្រឹងការលើកកម្ពស់គុណភាព សុវត្ថិភាពនៃសេវា ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ។ ៥.ពង្រឹងលើការធ្វើបដិសណ្ឋារកិច្ច ក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។ ៦.ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃ ក្នុងយន្តការសុខភាពឌីជីថលលូបនីយកម្ម និងការវាយ តម្លៃឱ្យបានជាប្រចាំក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ៧.បន្តរួមគ្នាដោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្រើន និងប្រសិទ្ធភាព ជាពិសេសប្រជា ពលរដ្ឋដែលមានការលំបាក និងខ្វះធនធាន។ ៨.បន្តធ្វើការសហការឱ្យបានខ្ពស់ជាមួយអជ្ញាធរ និងដៃគូ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ពិសេស ការពង្រីកសេវានៅតាមសហគមន៍ និងទី៩.ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ (គុណធម៌គ្រូពេទ្យ) “សម្ដីផ្អែម រួសរាយ រាក់ទាក់ គឺជាថ្នាំព្យាបាលដំបូងសម្រាប់អ្នកជំងឺ” ហើយត្រូវចាត់ទុកអ្នកជំងឺដូចជាសាច់ញាតិខ្លួនឯង។

ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្តក៏បានសម្តែងនូវការកោតសរសើរ និងអរគុណដោយចំពោះ លោកប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្តប្រកបដោយស្មារតីរទទួលខុសត្រូវខ្ពស់ ក្រមសីលធម៌ គុណភាព ប្រសិទ្ធភាព និងមានសុវត្ថិភាព ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ដែលមកដល់ពេលនេះ យើងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងការមកទទួលសេវាសុខាភិបាលកាន់តែច្រើនឡើង និង សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីសុខាភិបាលដែលជាកងទ័ពអាវ ស មានទឹកចិត្តមុះមុតអង់អាចក្លាហាន តស៊ូ ក្នុងការទៅចូលរួមអន្តរាគមន៍ជួយសង្គ្រោះបន្ទាន់ដើម្បីពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនវីរកងទ័ព នគរបាល និងប្រជាជនភៀសសឹក ក្នុងអំឡុងពេលរងផលប៉ះ ពាល់ការឈ្លានពានពីប្រទេសថៃផងដែរ។

សូមបញ្ជាក់ថា បើតាមការលើកឡើង ពីសំណាក់ លោក ជា សានិត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី÷ សមិទ្ធិសំខាន់ៗ ដែលសម្រេចបានក្នុងឆ្នាំ២០២៥ លើកាផ្តល់សេវា បានបន្តស្ថិតនៅលើមាគារវឌ្ឍនភាព តាមរយៈកំណើននៃការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាជនក្នុងនោះ ករណីពិនិត្យជម្ងឺក្រៅមានចំនួនសរុប 179,654នាក់ និង សំរាកព្យាបាលមានចំនួនសរុប 21,808នាក់ ក្នុងនោះ ករណីវះកាត់ធំមានចំនួន 514 ករណី ។ រីឯអត្រាស្លាប់របស់អ្នកជម្ងឺសំរាកព្យាបាលមានចំនួន 0.82%។ ការសំរាលកូននៅមូលដ្ឋានសុខាភិបាលមានចំនួន 4,755នាក់ នៃចំនួនស្ត្រីមានគភ៌រំពឹងទុក 4,607 នាក់។ វឌ្ឍនភាពនេះធ្វើអោយអត្រាមរណៈភាពមាតា និងទារកមានការថយចុះថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ ខណៈដែលសេវាសម្ភព សង្គ្រោះបន្ទាន់ និងថែទាំទារកត្រូវបានពង្រីក ដើម្បីជួយ សង្គ្រោះជីវិតស្ត្រីមានគភ៌ប្រឈមនឹងគ្រោះថ្នាក់នៅពេលសំរាល និងទារកកើតមិនគ្រប់ខែ។ ការគ្រប់ ដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺសម្រេចបាន 97% នៃកុមារចំណុចអាយុ ក្រោម១ឆ្នាំ ។ កុមារអាយុក្រោម៥ឆ្នាំដែលបានមកពិនិត្យជម្ងឺករណីថ្មីមានចំនួន 32,353នាក់ ឬជាមធ្យមកុមារម្នាក់បាន មកពិនិត្យជំងឺ 1.18 ដង ក្នុង១ឆ្នាំ ។ ដោយឡែកអន្តរាគមន៍អាហារូបត្ថម្ភ បានផ្ដោតជាបឋមលើការបំបៅដោះទារកដោយទឹកដោះម្តាយ ក្នុងអំឡុង១ម៉ោងដំបូងនៃកំណើត ការផ្តល់មីក្រូសារជាតិដល់ស្ត្រីមានគភ៌ និងស្ត្រីក្រោយសំរាល និងកុមារ ។

កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតថ្មីៗ កំពុងស្ថិតនៅលើមាគ៌ាវឌ្ឍនភាព ។ អត្រាព្យាបាលជោគជ័យនៃជំងឺរបេង 85%។ ករណីឈឺនៃជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥ និងអត្រាស្លាប់ទាបបំផុត 0.00 ក្នុងប្រជាជន១សែននាក់។ វឌ្ឍនភាពនេះនឹងបន្តឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការលប់បំបាត់ជម្ងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា។ ការពង្រីកការគ្រប់ដណ្តប់នៃសេវាពិនិត្យ និងព្យាបាលជំងឺមិនឆ្លងរ៉ាំរ៉ៃ បានធ្វើអោយមានកំណើននៃការប្រើប្រាស់សេវាទាំងនោះគួរអោយកត់សំគាល់ដូចជាប្រជាជនអាយុពី ២៥ – ៦៤ឆ្នាំ ដែលមានជម្ងឺលើសសម្ពាធឈាម បានទទួលការពិគ្រោះ បានកើនឡើងពី 9,941 នាក់ ក្នុងឆ្នាំ២០២៥ និងប្រជាជនអាយុពី ២៥ – ៦៤ឆ្នាំ ដែល មានជម្ងឺទឹកនោមផ្អែម បានទទួលការពិគ្រោះ 4,693នាក់ ក្នុងរយៈពេលដូចគ្នានេះ។ សេវាសុខភាពមាត់-ធ្មេញ បង្ការភាពងងឹតភ្នែក របួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពចំណីអាហារ សុខភាពបរិស្ថាន កំពុងស្ថិតនៅក្នុងវឌ្ឍនភាព៕



