ឯកឧត្តម ណាសៀត អូស្មាន អញ្ជើញចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ៤០០ កញ្ចប់ និងផ្លែល្មើ១០០កេស ជូនសាសនិកឥស្លាម នៅខេត្តមណ្ឌលគិរី

admin By admin March 11, 2026

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស រួមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ដែលជាអំណោយពីក្រសួងគរុភណ្ឌសាសនា និងកិច្ចការឥស្លាម នៃរដ្ឋកាតា និងផ្លែល្មើ ១០០កេស ជាព្រះរាជអំណោយព្រះចៅសាសម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជូនសាសនិកឥស្លាម នៅខេត្តមណ្ឌលគិរី  ដែលប្រព្រឹត្តទៅនៅវិហារឥស្លាម ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា។

ឯកឧត្តម បានបញ្ជាក់ថា អំណោយទាំងនេះគឺជាសក្ខីភាពនៃ ចំណងមិត្តភាពដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ វាមិនត្រឹមតែជាជំនួយស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តម បន្ថែមថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសឥស្លាមនានា ក្នុងនាមឥស្លាមដូចគ្នា។ អ្វីដែលសំខាន់នោះ ប្រជាពលរដ្ឋ ត្រូវខិតខំប្រកបមុខរបស់ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។ ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធារ សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និង ជម្លោះសាសនាឡើយ។

ឯកឧត្តម ណាសៀត អូស្មាន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *