កម្ពុជា-កាណាដា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ

admin By admin March 19, 2026

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យឯកឧត្តម គ្រីស្ទៀន ដេរ៉ូហ្ស (Christian DesRoches) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះការបើកដំណើរការស្ថានទូតកាណាដានៅកម្ពុជាឡើងវិញ។ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូតដ៏រឹងមាំ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព និងបរិយាបន្ន ជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសម័យកាលបច្ចេកវិទ្យាទំនើប និងការផ្លាស់ប្តូរនៃសេដ្ឋកិច្ចសកល។

ជាការឆ្លើយតប ឯកឧត្តម គ្រីស្ទៀន ដេរ៉ូហ្ស បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបាន នាពេលកន្លងមក។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកាណាដា ក្នុងការពង្រីកការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយកម្ពុជាលើវិស័យអាទិភាព រួមមាន៖ ការពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងការលើកកម្ពស់ស្តង់ដានៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ជំនួបពិភាក្សានេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយភាគីទាំងពីរបានឯកភាពបន្តកិច្ចសន្ទនា និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-កាណាដា៕

Leave a Reply

Your email address will not be published. Required fields are marked *