កម្ពុជាព្រមានពីការកើនឡើងកំដៅខ្លាំង និងជំរុញឱ្យសាធារណជនចូលរួមទប់ស្កាត់អគ្គីភ័យនៅតាមមូលដ្ឋាន និងភ្លើងឆេះព្រៃ

admin By admin April 2, 2026

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការអគ្គីភ័លើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។

ស្ថានភាពអាកាសធាតុក្តៅ និងស្ងួត មានរយៈពេលយូរនៅក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខនេះ អាចបណ្តាលឱ្យមានអគ្គីភ័យ និងភ្លើងអាចឆេះរីករាលដាលយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងតំបន់លំនៅដ្ឋាន ដីកសិកម្ម និងតំបន់ព្រៃឈើ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ន និងមានវិធានការចូលរួមការពារ បង្ការ និងទប់ស្កាត់ឱ្យបាន។

ជាមួយគ្នានេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការដុតសំណល់កសិកម្ម សំរាម ឬរុក្ខជាតិនៅជិតផ្ទះ នៅតាមមូលដ្ឋាន និងសហគមន៍ ព្រោះថាសូម្បីតែកំទេច ភ្លើងតូចៗ ក៏អាចចេញពីការគ្រប់គ្រងមិនបានត្រឹមត្រូវ ក៏អាចឆាបឆេះយ៉ាងឆាប់រហ័ស ក្រោមលក្ខខណ្ឌកំដៅខ្លាំង និងខ្យល់បក់ខ្លាំង។

ក្រសួងបរិស្ថានធ្លាប់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរួចហើយថា “ភ្លើងដែលបណ្តាលមកពីការធ្វេសប្រហែស អាចរាលដាលដល់ផ្ទះក្បែរខាង បំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងដល់អាយុជីវិត” ដោយឡែកប្រសិនបើមានភ្លើងឆេះព្រៃ ក៏អាចនាំឱ្យមានការខូចខាតបរិស្ថានយ៉ាងខ្លាំង និងការបាត់បង់ជីវៈចម្រុះផងដែរ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមានការពន្លត់ភ្លើង នៅក្រោយពេលចម្អិនអាហារឱ្យបានត្រឹមត្រូវ ជៀសវាងកុំឱ្យមានអណ្តាតភ្លើង ហោះទៅជិតសំរាម ឬវត្ថុស្ងួត និងធានាថាប្រព័ន្ធអគ្គិសនី ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ ទាំងអស់នេះ គឺជាបង្ការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់កើតឡើងអគ្គីភ័យក្នុងផ្ទះ។

ក្រសួងបរិស្ថានក៏សូមលើកទឹកចិត្ត ដល់អាជ្ញាធរមូលដ្ឋាន ពង្រឹងការត្រួតពិនិត្យ និងវិធានការឆ្លើយតបរហ័ស ជាពិសេសនៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់ ដើម្បីការពារឧប្បត្តិហេតុ ដែលអាចបង្កទៅជាអគ្គីភ័យទ្រង់ទ្រាយធំ។

ការបង្ការអគ្គីភ័យគឺមានសារៈសំខាន់មិនត្រឹមតែដើម្បីការពារផ្ទះសម្បែង និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការបំពុលខ្យល់ និងការពារសុខភាពសាធារណៈក្នុងអំឡុងពេលមានកំដៅខ្លាំងផងដែរ។

ក្រសួងបរិស្ថានសូមអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការដោយអនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ស្តីពីការបង្ការអគ្គីភ័យ និងចាំបាច់ណាស់សហការចូលរួមអនុវត្តសកម្មភាពរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយអគ្គីភ័យ និងធានាសុវត្ថិភាពក្នុងការរស់នៅរបស់សហគមន៍ ក្នុងរដូវប្រាំង៕

Leave a Reply

Your email address will not be published. Required fields are marked *