សម្តេចធិបតី និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចការងារនៅបារាំង និងចូលរួមកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច ការងារនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ One Health Summit ចាប់ពីថ្ងៃទី៦-៩ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។
អញ្ជើញអមដំណើរ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-បារាំង ដែលកំពុងរីកចម្រើន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណង លើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យក្លាយ ជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។
ថ្នាក់ដឹកនាំទាំងពីរ ក៏គ្រោងនឹងផ្លាស់ប្តូរ ទស្សនៈទៅលើកិច្ចសហប្រតិបត្តិការពហុភាគីរួមទាំង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹង ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកា ឆ្នាំនេះ ព្រមទាំងការវិវត្តនៅក្នុងតំបន់ និងពិភពលោកផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសុខភាព តែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង (Lyon) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍ សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះគឺ ជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នក វិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី៕