គណៈកម្មាធិការប្រជាជនខេត្ត ហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជួបសំេណេះសំណាល និងជូនពរថ្នាក់ដឹកនាំ ខេត្តរតនគិរី ក្នុងឱកាស នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

admin By admin April 6, 2026

ខេត្តរតនគិរី ៖ ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ហ្វាម អាញ់ទ័ន សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការប្រជាជនខេត្ត និងជា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរីព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០គ.ស ២០២៦ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ ជំនួបនេះធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្តរតនគិរី ។

ក្នុងជំនួបនេះ ជំនួសមុខឱ្យថ្នាក់ដឹកនាំ ខេត្តរតនគិរី ឯកឧត្តមញ៉ែម សំអឿន បានសម្តែងកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ប្រធានគណៈកម្មាធិការ ប្រជាជនខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដែលបានចំណាយពេលដ៏ មមាញឹក និងមានតម្លៃ ដឹកនាំគណៈប្រតិភូខេត្តហ្សាឡាយ មកសំណេះសំណាល សួរសុខថ្នាក់ ដឹកនាំខេត្តរតនគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ដើម្បីពង្រឹងរឹតចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភគាំទ្រ និងការ ផ្លាស់ប្តូរ បទពិសោធន៍ ព័ត៌មាន ជូនគ្នាទៅវិញ ទៅមក និងថែរក្សា នូវវប្បធម៌ ប្រពៃណីឱ្យបាន គង់វង្ស និងរឹងមាំ យូរអង្វែង។ ឯកឧត្តម អភិបាលខេត្តក៏បានលើលឡើងផងដែរពី កិច្ចសហប្រតិបត្តិការវាងខេត្តយើងទាំងពីរ(ហ្សាឡាយ-រតនគិរី) ទទួលបានផ្លែផ្កាល្អ ពិសេសប្រជាពលរដ្ឋនៅតាមព្រំ ដែននៃប្រទេសទាំងពីរ បង្កអោយប្រជាពលរដ្ឋ រកស៊ី ទទួលទានប្រកបដោយវឌ្ឍនភាព ឥតឈប់ឈរ។

ឯកឧត្តម ញ៉ែម សំអឿន ក៏បានជម្រាបជូនភ្ញៀវផងដែរ ថា បច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែមានការរីកចម្រើន និងជីវភាពប្រជាជន ឱ្យកាន់តែមានភាពធូរធារថែមមួយកម្រិតទៀត និងសំដៅចូលរួមចំណែកសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដោយឡែក សម្រាប់ខេត្តរតនគិរី ក្រោមការជម្រុញរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តបានកំពុងអនុវត្ត“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៥-២០២៨” ដោយបានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យសក្ដានុពលផ្ទៃដី​កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ និងដើម្បីឆ្លើយតបចំពោះកម្មវិធីពិសេសកម្មជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគ​ឦសានឆ្នាំ២០២៥-២០២៨ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានប្រសិទ្ធផល និងមានប្រសិទ្ធភាព​ខ្ពស់។ ហើយឯកឧត្តម បានចាត់ទុកជំនួប គឺសក្ខីភា￸ព បង្ហាញពីការផ្លាស់ប្តូរប្រតិភូ ការសួរសុខទុក និងជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីប្រទេសនីមួយៗ ហើយខេត្តទាំងពីរ នឹងបន្តសកម្មភាពបន្តទៀត ដើម្បីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសនៅតាមព្រំដែនអោយទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍។

ឯកឧត្តម ហ្វាម អាញ់ទ័ន សមាជិកគណៈកម្មាធិការមជ្ឈិបក្សអនុលេខាគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត ហ្សាឡាយ បានថ្លែងក្នុងជំនួបថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការ រវាងខេត្តរតនគិរី និងខេត្តហ្សាឡាយ គឺឈរលើស្មារតីកិច្ចសហការសម្ព័ន្ធមេត្រីភាព រវាងប្រទេសទាំងពីរ ។ ហើយការសហការគ្នាយ៉ាងល្អប្រសើរនេះ ជាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង ទាំងការដឹកនាំ និងការអភិវឌ្ឍ។

ឯកឧត្តម ហ្វាម អាញ់ទ័ន បានបន្តថា ប្រទេសយើងទាំងពីរតែងតែពង្រឹង និងពង្រីកការលើកកម្ពស់ទំនាក់ទំនងឱ្យរីកចម្រើន ដល់កម្រិតខ្ពស់ថ្មីបន្ថែមទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់ សន្តិភាព ស្ថិរភាព និងភាពរុងរឿង ស្របទៅនឹងបាវចនា នៃការទំនាក់ទំនងប្រទេសទាំងពីរ ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ២០៥៧០ គ.ស២០២៦ខាងមុខនេះ ឯកឧត្តម ហ្វាម អាញ់ទ័ន ព្រមទាំងប្រតិភូអមដំណើរ សូមគោរពជូនពរ ឯកឧត្តម​ អភិបាលខេត្តរតនគិរី ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការអភិវឌ្ឍន៍ខេត្តរតនគិរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *