ការរុករករ៉ែអនាធិបតេយ្យ បន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស
ខេត្តមណ្ឌលគិរី ៖ ការរុករករ៉ែអនាធិបតេយ្យ តែងតែបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមទាំងរបួស និងបាត់បង់អាយុជីវិត។ ជាក់ស្ដែង កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ មានករណីមនុស្សចំនួន ០២ នាក់ បានស្លាប់ដោយសារដីបាក់សង្កត់ នៅចំណុចភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះទី១ ឈ្មោះ ក្រូត នីន ភេទប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិព្នង មុខរបរកសិករ។ ជនរងគ្រោះទី២ ឈ្មោះ មុិប លើម ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិព្នង។ អ្នកទាំងពីរនាក់ មានទីកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

យោងតាមការបំភ្លឺពីសាក្សី ដែលជាសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៧:០០ ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះ និងអ្នកដទៃសរុប ៦ នាក់ បានចេញទៅរករ៉ែមាស នៅចំណុចអូរតេ ស្ថិតក្នុងភូមិខ្ទង់។ ពេលទៅដល់ទីតាំង ពួកគេបានចែកជាក្រុម និងធ្វើការជីកកកាយដីរៀងៗខ្លួន ដោយរណ្ដៅមានចម្ងាយប្រហែល ៥០ ម៉ែត្រពីគ្នា។ រហូតដល់វេលាម៉ោង ១១:៣០ នាទី ពួកគេបានសម្រាកហូបបាយ ខណៈដែលជនរងគ្រោះទាំងពីរនាក់ នៅបន្តធ្វើការជីកដី។ លុះដល់វេលាម៉ោង ១២:១០ នាទី មានសំឡេងស្រែកថា “ដីបាក់សង្កត់” បន្ទាប់មកអ្នកនៅជិតបាននាំគ្នាទៅជួយសង្គ្រោះដោយការកាយដី។ ទោះយ៉ាងណា ដីដែលបាក់មានទំហំធំខ្លាំង បណ្ដាលឲ្យការជួយសង្គ្រោះមិនទាន់ពេលវេលា ហើយជនរងគ្រោះទាំងពីរនាក់បានស្លាប់នៅកន្លែងកើតហេតុ ។

អង្គភាពសំណេអមតៈ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានខលទំនាក់ទំនងជាមួយលោក ទី សុផល ប្រធានមន្ទីរ៉ែថាមពលខេត្តមណ្ឌលគិរី បានឱ្យដឹងថា លោកតែងតែណែនាំ ឲ្យប្រជាពលរដ្ឋកុំប្រកបមុខរបរជីករ៉ែខុសច្បាប់បន្តទៀត នាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូន។
លោក ឌិន ប៊ុនធឿន អ្នកនាំពាក្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា លោកបានធ្វើរបាយការណ៍ទៅប៉ូលីសរួចរាល់អស់ហើយ។
ករណីប្រជាពលរដ្ឋគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារការជីករ៉ែខុសច្បាប់ យ៉ាងអនាធិបតេយ្យក្នុងដែនជម្រកការពារ ដោយមន្ត្រីបរិស្ថាន ម្ដេចក៏មន្ត្រីមិនមានការហាមឃាត់ទៅវិញ?។
សូមសំណូមពរ ដល់ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ជាពិសេសរដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់វិធានការលើមន្ត្រីដែលអនុវត្តតាមគោលដៅក្នុងដែនការពារ បណ្ដែតបណ្ដោយឲ្យប្រជាពលរដ្ឋទៅជីករ៉ែខុសច្បាប់ក្នុងដែនរបស់ខ្លួន៕