កក្រើកក្រុងសែនមនោរម្យ ករណីលោកធំធ្វើរបងរំលោភយកដីអូរ ជាសម្បត្តិរដ្ឋ អាជ្ញាធរចេញលិខិតផ្អាកសំណង់…

admin By admin April 21, 2026

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២១ខែមេសា ឆ្នាំ២០២៦ ករណីដ៏ក្តៅគគុកដែលកំពុងធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង ពាក់ព័ន្ធការសាងសង់របងថ្មធំស្កឹមស្កៃ លើដីចំណីអូរ គ្រប់ហ៊ុំព័ទ្ធយកអូរ នៅចំណុចអូរស្ពានតាឆាង ភូមិដើមស្រល់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ពេលនេះអាជ្ញាធរបានចាប់ផ្តើមចេញវិធានការហើយ។
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានប្រាប់អ្នកសារព័ត៌មានថា លោកបានទទួលដំណឹងពីមន្ទីរជំនាញ និងមន្ទីរភូមិបាលសូរិយោដីខេត្តហើយថា បានចេញលិខិតផ្អាកការសាងសង់ជាបណ្តោះអាសន្នរួចរាល់ហើយ។


ជាមួយគ្នានេះ លោក លី សុវណ្ណូ រងស្តីទីមន្ទីរភូមិបាល សំណង់ និងសូរិយោដីខេត្តមណ្ឌលគិរី ក៏បានបញ្ជាក់ផងដែរថា ខាងមន្ទីរបានចេញលិខិតផ្អាកសកម្មភាពសាងសង់ជាមុនសិន ខណៈក្រុមការងារកំពុងបន្តពិនិត្យឯកសារ និងស្ថានភាពទីតាំងឲ្យបានច្បាស់លាស់ មុនសម្រេចចាត់វិធានការបន្តតាមនីតិវិធីច្បាប់។
ករណីនេះ បានផ្ទុះក្តៅក្រោយសារព័ត៌មាន និងមហាជនលើបណ្តាញសង្គម លើកឡើងសំណួរខ្លាំងៗថា ច្បាប់នៅកម្ពុជា មានមួយខ្នាត ឬពីរមាត្រដ្ឋាន? ព្រោះកន្លងមក មានករណីស្រដៀងគ្នា អាជ្ញាធរបានចុះវាយរបងចោលភ្លាមៗ ប៉ុន្តែករណីថ្មីនេះ ត្រឹមតែផ្អាកសិន។
ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ដីចំណីអូរ ជាដីសាធារណៈរបស់រដ្ឋ មិនគួរឱ្យបុគ្គលណាម្នាក់យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ ហើយស្នើឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យស្មើគ្នា មិនថាជាអ្នកតូច អ្នកធំ មន្ត្រី ឬអ្នកមានអំណាចនោះទេ។
ពេលនេះ ភ្នែកមហាជនទូទាំងខេត្តមណ្ឌលគិរី កំពុងសម្លឹងមើលថា តើបន្ទាប់ពីលិខិតផ្អាកការសាងសង់នេះ អាជ្ញាធរនឹងបន្តចាត់វិធានការយ៉ាងដូចម្តេច? តើនឹងរក្សាយុត្តិធម៌ជូនសង្គម ឬទុកឲ្យរឿងនេះស្ងប់បាត់តាមខ្យល់?សូមរង់ចាំតាមដានភាគបន្ត… ព័ត៌មាននេះ មិនទាន់ចប់ទេ!៕

Leave a Reply

Your email address will not be published. Required fields are marked *