កម្ពុជា-ចិន ប្តេជ្ញារួមគ្នាពង្រឹងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជានិងចិន ភាគីទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញារួមគ្នា ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ នេះយោងតាមសំណេររបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។

សូមរំលឹកថា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងលោក តុង ជុន រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជា និងចិន នៅរាជធានីភ្នំពេញ៕



