រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំកម្មករត្រូវប្រុងប្រយ័ត្ន ចំពោះក្រុមជ្រុលនិយម អូសទាញឱ្យចូលរួម ក្នុងចលនាផ្សេង

admin By admin May 2, 2026

ព្រៃវែង ៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងប្រាប់កម្មករថា ត្រូវប្រុងប្រយ័ត្នចំពោះក្រុមជ្រុលនិយមអូសទាញឱ្យចូលរួមក្នុងចលនាផ្សេង និងប្រុងប្រយត្នខ្ពស់អំពើការឆបោក និងសកម្មភាពខុសច្បាប់នានា។

ការលេីកឡេីងនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករនិយោជិត រោងចក្រ សហគ្រាស ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង(ខ្មែរ) ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានផ្ដល់អនុសាសន៍ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ផ្តោតលើការពង្រឹងសុខដុមនីយកម្មនៅកន្លែងការងារ ដោយជំរុញឱ្យនិយោជក និងកម្មករ សហការគ្នាបង្កើតបរិយាកាសដូចគ្រួសារ មានការយោគយល់ និងសន្តិសុខល្អ ភាគីទាំងអស់ត្រូវគោរពច្បាប់ការងារ និងដោះស្រាយវិវាទតាមយន្តការផ្សះផ្សាដោយសន្តិវិធី ដើម្បីរក្សាស្ថិរភាពផលិតកម្ម កម្មករត្រូវអភិវឌ្ឍជំនាញ និងទទួលយកបច្ចេកវិទ្យាថ្មីៗ ខណៈនិយោជក និងរដ្ឋបន្តលើកកម្ពស់ប្រព័ន្ធឌីជីថល។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាព ដោយបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ព្រមទាំងលើកកម្ពស់សុខភាពកម្មករ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថា «ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះជាប់ជាប្រចាំនៅតាមមូលដ្ឋាន ស្តាប់ និងដោះស្រាយបញ្ហាពលរដ្ឋ ដោយស្មារតីសាមគ្គីភាព ខណៈកម្មករវិញត្រូវប្រុងប្រយ័ត្ន ចំពោះក្រុមជ្រុលនិយម អូសទាញឱ្យចូលរួមក្នុងចលនាផ្សេង និងប្រុងប្រយត្នខ្ពស់អំពើការឆបោក និងសកម្មភាពខុសច្បាប់នានា ។ក្នុងករណីសង្ស័យ ត្រូវរាយការណ៍ទៅកាន់ សមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត»៕

Leave a Reply

Your email address will not be published. Required fields are marked *