ក្រសួងបរិស្ថាន គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគស្អាត និងបៃតងក្នុងចំណោមអ្នកវិនិយោគជាតិ-អន្តរជាតិនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតកាបូប D’LUXE INTERNATIONAL Co.,ltd. នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការអញ្ជើញចុះដោយផ្ទាល់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគស្អាត និងភាពបៃតងនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏ទទួលស្តាប់ពីបញ្ហាប្រឈម និងធាតុចូលនានាពីម្ចាស់រោងចក្រសហគ្រាស កម្មករ កម្មការិនី ដែលកំពុងបំពេញការងារដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃ ឈានឆ្ពោះទៅរោងចក្រស្អាត ការវិនិយោគបៃតង។

ការគាំទ្រ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគជាតិ-អន្តរជាតិ ដែលអនុលោមតាមការវិនិយោគបៃតងនេះ គឺជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង តាមរយៈបង្កើតឱកាសការងារថ្មីៗ និងធានាបាននូវកំណើនសេដ្ឋកិច្ច ដែលមិនបំផ្លាញធនធានធម្មជាតិសម្រាប់អ្នកជំនាន់ក្រោយ។ លើសពីនេះ គឺជាការបង្រៀនឱ្យអ្នកវិនិយោគមានភាពស្អាតផ្នែកខាងក្នុងដោយមានការទទួលខុសត្រូវសង្គមដែលផ្តោតជាសំខាន់ចំពោះសុខភាពសាធារណៈ និងការគោរពតាមបទដ្ឋានជាតិ-អន្តរជាតិដូចជាគោលការណ៍ ESG – Environmental Social and Governance។

ជារួម ការវិនិយោគបៃតងមិនត្រឹមតែជាការធ្វើអាជីវកម្ម ដើម្បីប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគដើម្បីអនាគតប្រកបដោយចីរភាព ដែលគោលបំណងចម្បងនៃការវិនិយោគបៃតង (Green Investment)នេះ គឺដើម្បីបង្កើតផលចំណេញផ្នែកសេដ្ឋកិច្ច ទន្ទឹមគ្នានេះក៏ជាការជំរុញឱ្យមានចីរភាពបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងធ្យូងថ្ម។

ការបង្កើត ឬប្រើប្រាស់បច្ចេកវិទ្យាដែលស៊ីថាមពលតិច ដូចជាអគារវៃឆ្លាត (Green Buildings) ឬឧបករណ៍អគ្គិសនីសន្សំសំចៃខ្ពស់។ ការគ្រប់គ្រងសំណល់ និងការកែច្នៃ ដែលមានប្រព័ន្ធចម្រោះទឹកកខ្វក់ ការកែច្នៃសំណល់ឡើងវិញ (Recycling) និងការកាត់បន្ថយការបំពុល។ លើសពីនេះ ការគាំទ្រដល់បច្ចេកទេសកសិកម្មដែលមិនប្រើប្រាស់សារធាតុគីមីបំផ្លាញដី និងការថែរក្សាធនធានទឹក រួមទាំងការដឹកជញ្ជូនស្អាតដែលមិនបំភាយឧស្ម័នពុល៕