រឿងដូចគ្នា…តែច្បាប់មិនដូចគ្នា! ឆ្នាំ២០២២ ចុះវាស់ភ្លាម គ្មានយោគយល់…ដល់ឆ្នាំ២០២៦ របង សង់ចូលអូរពិត តែជំនាញសម្ងំស្ងៀម, ខ្លាចអំណាចលោកផ្កាយ…ឬអំណាចណាធំជាងច្បាប់?

admin By admin May 9, 2026

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ ករណីហ៊ុមព័ទ្ធយកដីអូរកំពុងផ្ទុះការចាប់អារម្មណ៍ និងបង្កជាសំណួរយ៉ាងខ្លាំងពីមហាជននៅខេត្តមណ្ឌលគិរី ក្រោយមានការទម្លាយថា របងដ៏ស្កឹមស្កៃមួយកន្លែង ស្ថិតនៅចំណុចអូរតាឆាង សង្កាត់ស្ពានមានជ័យ ត្រូវមន្ត្រីជំនាញពាក់ព័ន្ធទទួលស្គាល់ថា ពិតជាសង់រំលោភចូលលើដីចំណីអូររដ្ឋពិតប្រាកដ។

អ្វីដែលធ្វើឲ្យមហាជនហួសចិត្ត និងផ្ទុះការរិះគន់នោះគឺ រហូតមកដល់ពេលនេះគ្រាន់តែចុះពិនិត្យអស់រយៈពេល១ខែហើយ មិនទាន់ឃើញអាជ្ញាធរ ឬមន្ត្រីជំនាញណាម្នាក់ ហ៊ានអនុវត្តវិធានការផ្លូវច្បាប់ ឬហ៊ានប៉ះពាល់ទៅលើសំណង់នោះនៅឡើយទេ។

ប្រជាពលរដ្ឋជាច្រើន បានលើកឡើងថា ករណីនេះ ហាក់ផ្ទុយស្រឡះពីករណីកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដែលអាជ្ញាធរ មន្ត្រីជំនាញ និងសូម្បីតែតំណាងអយ្យការ បានចុះវាស់វែងទីតាំងរបស់លោក ហ៊ាង ឆៃលី រកឃើញថា រំលោភលើចំណីអូរ និងចំណីផ្លូវរដ្ឋ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ គ្មានការយោគយល់។ ប៉ុន្តែមកដល់ឆ្នាំ២០២៦ រឿងធំជាងកាល លោក ហ៊ាង ឆៃលី ទៅទៀត តែការអនុវត្តច្បាប់បែរជាស្ងប់ស្ងាត់ខុសធម្មតា ទាំងដែលប្រភពជាច្រើនអះអាងថា ម្ចាស់សំណង់នេះ គឺជាមន្ត្រីធំម្នាក់ មានឋានន្តរស័ក្តិផ្កាយ២។

សំណួរដែលមហាជនកំពុងសួរចំៗទៅមន្ត្រីជំនាញខេត្តមណ្ឌលគិរី គឺតើការសម្ងំស្ងៀមនេះ ព្រោះខ្លាចអំណាចលោកផ្កាយ…ឬមានអំណាចណាមួយធំជាងច្បាប់? ឬមួយច្បាប់នៅទីនេះ អនុវត្តបានតែអ្នកតូច អ្នកគ្មានខ្នង ចំណែកអ្នកមានអំណាច មានបុណ្យស័ក្តិ អាចសង់រំលោភលើដីរដ្ឋបានដោយគ្មានអ្នកណាហ៊ានប៉ះ?

មហាជនកំពុងរង់ចាំការបកស្រាយពីអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ថាតើច្បាប់នៅកម្ពុជា ពិតជាមានភាពស្មើគ្នាចំពោះមុខច្បាប់…ឬស្មើភាពតែលើក្រដាស? បើស្ថាប័នពាក់ព័ន្ធនៅតែសម្ងំស្ងៀម មិនចេញមុខបកស្រាយ ឬអនុវត្តច្បាប់ឲ្យបានច្បាស់លាស់នោះ សំណួររបស់មហាជន នឹងកាន់តែខ្លាំងឡើងថា (តើជំនាញខ្លាចច្បាប់…ឬខ្លាចអំណាច?)៕

Leave a Reply

Your email address will not be published. Required fields are marked *