សមត្ថកិច្ចខេត្តមណ្ឌលគិរី បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការពាក់ជួញដូរឈើខុសច្បាប់

admin By admin May 15, 2026

មណ្ឌលគិរី ៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងរយៈពេលត្រឹម៣ថ្ងៃ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន២ករណី នៅក្នុងដែនការពារអភិរក្ស ដោយដកហូតបានរថយន្តកែច្នៃខ្នាតធំ១គ្រឿង ឈើជន្លុងម្រេច និងឈើប្រភេទឃ្លុំ ព្រមទាំងបញ្ជូនជនសង្ស័យចំនួន២នាក់ទៅតុលាការ។

ជនសង្ស័យទាំងពីរនាក់ឈ្មោះ ញ៉ន រ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិព្នង និងឈ្មោះ ផល ហ៊ុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្នៈ វត្ថុតាង និងជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ក្នុងការបង្ក្រាបលើកទី១ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយក្រុមល្បាតចល័តរបស់មន្ទីរបរិស្ថានខេត្តចំនួន៥នាក់ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខណៈក្រុមជនល្មើសកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើជន្លុងម្រេច ដោយប្រើរថយន្តកែច្នៃភ្លៅ៣ (អូរ៉ាល់) គ្មានផ្លាកលេខ ចំនួន១គ្រឿង ដឹកឈើលេខ១ ប្រភេទផ្ចឹក ជន្លុងម្រេច ចំនួន១៥០ដើម។

ដោយឡែក ក្នុងប្រតិបត្តិការលើទី២ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោកប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយប្រទះឃើញទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ដែលជនមិនស្គាល់អត្តសញ្ញាណបានលាក់ទុកឈើ ចំនួន២៦កំណាត់ ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

បើតាមលោកប្រធានមន្ទីរបរិស្ថានបន្តថា កម្លាំងជំនាញគ្រប់ដែនជម្រកទាំងអស់ ត្រូវបានដាក់ផែនការល្បាតជាប្រចាំ និងបន្តស្រាវជ្រាវវែកមុខអ្នកពាក់ព័ន្ធបន្ថែម ដើម្បីអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែង។

លោក ហាស់ វិបុល អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីព្រៃដោយខុសច្បាប់។ លោកបានបញ្ជាក់ថា៖ (ព្រៃឈើ គឺជាដង្ហើម និងជាប្រភពជីវិតដ៏សំខាន់ មិនអាចខ្វះបានសម្រាប់មនុស្សជាតិ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីទាំងមូល)៕

Leave a Reply

Your email address will not be published. Required fields are marked *