កម្ពុជា-ជប៉ុន បើកគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ មានថវិកាជាង ១១លានដុល្លារ
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីនដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ “មរតកតេជោ” នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមប្រតិភូអគ្គនាយកស៊ីម៉ាក់ (CMAC) ឯកឧត្ដមអភិបាលខេត្តបាត់ដំបង ឯកឧត្តមលោកជំទាវ សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល អង្គទូត តំណាងអង្គការអន្តរជាតិ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តី-បុគ្គលិក CMAC លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ២.០៤២ រូប។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល ជប៉ុនចំពោះជំនួយដ៏ថ្លៃថ្លានេះ សម្រាប់គាំទ្រ គម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់ កាលទី២ ដែលមានថវិកាចំនួន ២,០០០លានយ៉េន ប្រមាណជាង១៧លានដុល្លារ អាម៉េរិក នៅខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន និងគម្រោងថ្មីដំណាក់កាលទី៣ ដែលមានថវិកាចំនួន ១,៧០០ លានយ៉េន ប្រមាណជាង ១១ លាន ដុល្លារអាម៉េរិក នៅខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់អង្គភាពបោសសម្អាតមីនទាំងអស់ បានខិតខំប្រឹងប្រែងបោសសម្អាតផ្ទៃដីបានចំនួនជាង ៣,៥៤២គីឡូម៉ែត្រក្រឡា និងរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទបានចំនួនជាង ៤.៥លានគ្រាប់ ក្នុងនោះ អង្គភាព CMAC បោសសម្អាតផ្ទៃដីបានចំនួនប្រមាណ ២,១៣៦គីឡូម៉ែត្រក្រឡា សម្រាប់ប្រជាជនធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនឯកឧត្តមឯកអគ្គរាជទូតជប៉ុន និងឥស្សរជនមួយចំនួនទៀតផងដែរ៕






