សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន ៧មករា ដើម្បីផ្លាស់ប្តូរយោបល់គ្នារវាងមេដឹកនាំគណបក្សនយោបាយទាំង២៩គណបក្សនៅក្នុងសម្ព័ន្ធភាព។

កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព អនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្ស ដែលតែងតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិបត្តិការសម្ព័ន្ធភាព។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកំពុងដឹកនាំរាជរដ្ឋាភិបាល និងជាគណបក្សនយោបាយដ៏រឹងមាំនៅកម្ពុជា បានចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន២៨ផ្សេងទៀត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ គណបក្សនយោបាយទាំង២៨ ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជា សេរី ឯករាជ្យ ប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា,គណបក្សមហានគរ និងគណបក្សសន្តិភាពជាតិ៕

