ក្រពើភ្នំ ត្រូវបានលែង ចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រ ការស្តារប្រភេទសត្វនៅកម្ពុជា

admin By admin May 21, 2026

មណ្ឌលគីរី ៖ អង្គការ WWF-កម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក បន្ទាប់ពីដំណើរការ ពិគ្រោះយោបល់ និងទទួលបានការយល់ ព្រមពីភាគី ពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។

កម្មវិធីលែងក្រពើភ្នំនេះ មានគោលបំណងបង្កើនចំនួនក្រពើភ្នំ ដែលមានចំនួនតិច និងបែកខ្ញែកនៅក្នុងប្រព័ន្ធ ទន្លេស្រែពក និងគាំទ្រការស្តារចំនួនប្រភេទសត្វនេះក្នុងរយៈពេលវែង តាមរយៈវិធានការអភិរក្សផ្អែកលើ វិទ្យាសាស្ត្រ។ ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត» នៅក្នុងបញ្ជីក្រហម របស់អង្គការ IUCN ហើយគេជឿថា នៅសល់តិចជាង ១,០០០ក្បាលប៉ុណ្ណោះ នៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក។ កម្ពុជា ត្រូវបានចាត់ទុកថា មានសារៈសំខាន់ ជាសកល សម្រាប់ការអភិរក្សសត្វប្រភេទនេះ និងជាទីជម្រកនៃចំនួន ក្រពើភ្នំដ៏ធំបំផុតមួយ ដែលនៅសេសសល់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា «កម្មវិធីលែងក្រពើភ្នំនៅថ្ងៃនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អភិរក្ស និងពង្រីកវិសាលភាពជីវៈចម្រុះជា ពិសេស និងបង្ហាញពីភាពជោគជ័យដ៏ធំធេង ក្នុងការស្ដារចំនួនសត្វព្រៃដែលជិតផុតពូជនៅលើពិភពលោក ហើយ ដែលកម្ពុជា ត្រូវបានចាត់ទុកថាជាប្រទេសដែលមានចំនួនក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ»។

លោកបណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា «ការលែងក្រពើភ្នំ ចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អង្គការ WWF-កម្ពុជា ក្នុងការ ស្តារក្រពើភ្នំដែលជាប្រភេទសត្វតំណាងនៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជា»។

លោក ហម ច័ន្ទដេត នាយកប្រចាំប្រទេស នៃអង្គការ Fauna & Flora International (FFI) បានបន្ថែមថា “យើងមានសេចក្តីរីករាយដែលបានចូលរួមជាមួយអង្គការ WWF-កម្ពុជា ក្នុងសកម្មភាពលែងក្រពើភ្នំនេះ ដោយ ផ្អែកលើជំនាញ និងបទពិសោធន៍របស់យើងក្នុង ការអភិរក្សប្រភេទសត្វនេះ»៕

Leave a Reply

Your email address will not be published. Required fields are marked *