ឧត្តមសេនីយ៍ទោ សាម គឹមអឿន ជួបសំណេះសំណាលសួរសុខទុក្ខយោធិន ដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី លោក ឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី យោធភូមិភាគទី១ បានធ្វើជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខចំពោះយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ចំនួន ១២រូប របស់អង្គភាព តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី នៅក្នុងពិធីនោះលោក បានថ្លែងនូវការកោតសរសើរចំពោះវីរៈភាពរបស់យោធិនយើង ដែលរយៈកាលកន្លងមក បានគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ និងបទបញ្ជារបស់មេបញ្ជាការ ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាពទឹកដី ។

លោក ក៏បានផ្ដាំផ្ញើដល់យោធិនយើង ពេលត្រឡប់ទៅមូលដ្ឋានក្លាយជាប្រជាពលរដ្ឋស៊ីវិលវិញ ត្រូវយកចិត្តទុកដាក់គោរពច្បាប់របស់រដ្ឋ ចៀសវាងការប្រព្រឹត្តនៅអំពើដែលផ្ទុយនិងច្បាប់រដ្ឋ យកចិត្តទុកដាក់បង្កបង្កើនផល ចិញ្ចឹមសត្វ និង ប្រកបរបរអាជីវកម្មស្របច្បាប់ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ក្រុមគ្រួសារឲ្យមានភាពធូរធានិងប្រកបដោយសុភមង្គល និងចូលរួមសកម្មភាពនានារបស់សង្គមដើម្បីលើកស្ទួយ និង អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពសម្បូររុងរឿង ជឿជាក់លើការដឹកនាំរាជរដ្ឋាភិបាល ស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ ។

ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី យោធភូមិភាគទី១ បានធ្វើពិធី បំពាក់ថានន្តរសក្តិ និងគ្រឿងឥស្សរិយយសថ្នាក់ អស្សរិទ្ធី ដល់យោធិនទាំង១២ រូប និងបានជូនអំណោយមនោសញ្ចេតនារបស់អង្គភាព ជូនដល់យោធិនយើង ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និង គ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ៕


