សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ចំពោះវិស័យកសិកម្ម កសិ-ឧស្សាហកម្ម គឺខេត្តត្បូងឃ្មុំ ជាខេត្តមួយដែលសម្បូរទៅ ដោយដីក្រហម ជាប្រភេទដីមានជីជាតិសម្រាប់ដំណាំកសិ-ឧស្សាហកម្ម ជាពិសេសកៅស៊ូ ដែលមានប្រវត្តិដាំ ជាងមួយសតវត្ស មានផ្ទៃដីច្រើនជាងគេមកដល់បច្ចុប្បន្ន។ ជាក់ស្តែងផ្ទៃដីដំណាំកៅស៊ូក្នុងខេត្តត្បូងឃ្មុំ មានប្រមាណ៨៨,១៤៥ហិកតា ក្នុងនោះកៅស៊ូគ្រួសារមានប្រមាណជា ៦៦% នៃផ្ទៃដីសរុបនេះ។
ទិន្នផលកៅស៊ូក្នុងខេត្តត្បូងឃ្មុំ នៅក្នុងកម្រិតល្អប្រសើរ គឺក្នុងរង្វង់១,៥តោន/ហិចតា/ឆ្នាំ បើប្រៀបធៀបនឹងខេត្តផ្សេងទៀតដែលផលិកៅស៊ូដែលមានទិន្នផលកៅស៊ូប្រមាណ ១,១ ឬ១,៣ តោន/ហិចតា/ឆ្នាំ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៥កន្លងមក ក្នុងខេត្តមានផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ៦៦,០៣៦ហិកតា បរិមាណផលជ័រកៅស៊ូប្រមាណ ៩៩,០៥៤តោន មានតម្លៃសេដ្ឋកិច្ចប្រមាណ ១៧៦លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជាង៨៣២លានដុល្លារ កើនឡើង២៤% ពីទិន្នផលជ័រកៅស៊ូ និងឈើកៅស៊ូ។ ពេញមួយឆ្នាំ២០២៥នេះ ការគ្រប់គ្រងប្រមូលផលកែច្នៃ និងធុរកិច្ច នៅតាមបណ្តាក្រុមហ៊ុន ចម្ការកៅស៊ូ និងកៅស៊ូគ្រួសារ មានដំណើរការជាធម្មតា និងពុំមានផលប៉ះពាល់ជាអវិជ្ជមានបណ្ដាមកពីបញ្ហាជម្លោះព្រំដែននោះទេ។
សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៤៨,០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៤៦,៨៤២ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ១០១,២០៨ហិកតា ស្មើនឹង២៣%។ ជ័រកៅស៊ូកម្ពុជា ក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៧ ដែលកំពុងតែដំណើរការផងដែរ រួមមាន៖ នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ៕