ឯកឧត្តម នេត្រ ភក្ត្រា៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន ជាផ្នែកមួយពង្រឹងសមត្ថភាព សីលធម៌ វិជ្ជាជីវៈ និងចីរភាព
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅក្រសួងព័ត៌មាន គឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់ក្រសួង ស្ថាប័ន ស្របទៅតាមការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅក្នុងនាមជាសេនាធិការគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

ការបញ្ជាក់បែបនេះ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែរឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរចនាសម្ព័ន្ធ អគ្គលេខាធិការដ្ឋាននៃក្រសួងព័ត៌មាន ដើម្បីពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការគ្រប់គ្រង និងការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពចំណុះ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍន៍នៃវិស័យព័ត៌មាន និងបរិបទឌីជីថលនាពេលបច្ចុប្បន្ន។

កិច្ចប្រជុំនេះ បានផ្តោតលើការពិនិត្យរចនាសម្ព័ន្ធការងារ ការបែងចែកតួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន ព្រមទាំងការពង្រឹងការសម្របសម្រួលការងាររវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពរហ័សរហួនក្នុងការបំពេញបេសកកម្មរបស់ក្រសួងព័ត៌មាន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់យើង បានផ្តោត ៣សំខាន់ ទី១ ប្រសិទ្ធិភាពស្ថាប័ន ទី២ ពាក់ព័ន្ធជាមួយប្រព័ន្ធរើសមន្ត្រី និងទី៣ ការលើកទឹកចិត្ត។ កិច្ចការងារនេះក្រសួងព័ត៌មាន បានអនុវត្តន៍រួចហើយចំនួនពីរចំណុច គឺការពង្រឹងប្រសិទ្ធិភាពស្ថាប័នតាមរយៈការធ្វើកំណែទម្រង់ ហើយបានរៀបចំអនុក្រឹត្យថ្មីរបស់ក្រសួងព័ត៌មាន ដោយបានដាក់ចេញនូវគោលការណ៍ «ពង្រឹងជាជាងពង្រីក»។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់លើការរៀបចំរចនាសម្ព័ន្ធការងារ ឱ្យមានភាពច្បាស់លាស់ ទំនើប និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង សំដៅលើកកម្ពស់គុណភាពការងារ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដើម្បីរួមចំណែកជំរុញការអនុវត្តការងាររបស់ក្រសួងព័ត៌មាន ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់សម័យ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់បានដាក់ចេញពាក្យស្លោកថា «កែទម្រង់រស់មិនកែទម្រង់ គឺស្លាប់» ។ ដូច្នេះហើយគ្រប់ស្ថាប័ន មិនថា រដ្ឋ ឬឯកជន គឺត្រូវធ្វើការកំណែទម្រង់៕
