លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់ឆ្នាំ២០២៦

admin By admin May 28, 2026

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតី «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ «ពិធីសំណេះសំណាលជាមួយគណៈកម្មការ ទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគ ពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា» ។

មានប្រសាសន៍ស្វាគមន៍ ប្រកបដោយអារម្មណ៍រំភើបរីករាយ លោកជំទាវបណ្ឌិត បាននាំយកប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងពិធីបើកនេះ។

លោកជំទាវបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រមូលនិធិគន្ធបុប្ផា ទាំងកម្លាំងកាយចិត្ត និងធនធាន នាពេលកន្លងមក ដែលការរៀបចំយុទ្ធនាការនេះ គឺដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ការបំផុសសកម្មភាពកៀរគរ មូលនិធិសប្បុរសធម៌ ជាពិសេស គឺការបំផុសស្មារតី ខ្មែរជួយខ្មែរដល់ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស ក្រោមមូលបទ “ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្មែរនៅតែជួយខ្មែរ” ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានរួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា រួមទាំងស្រ្តីមានផ្ទៃពោះរាប់លាននាក់ ដោយឥតគិតថ្លៃ ជាង ៣ទសវត្សរ៍កន្លងមកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *