បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ទ្រង់ទ្រាយធំតាមលំហសមុទ្រ ចាប់ខ្លួនជនល្មើស ៣នាក់ រឹបអូសបានថ្នាំញៀនមួយចំនួនធំ

admin By admin June 1, 2026

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្រ្កាបករណីដឹកជញ្ជូននូវសារធាតុញៀនទ្រង់ទ្រាយធំ តាមលំហសមុទ្រ ដោយឃាត់ខ្លួនជនល្មើស៣នាក់ រឹបអូសបានថ្នាំញៀនមួយចំនួនធំ។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និង ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្តិការធ្វើឡើងថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែឧសភា ២០២៦ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយសហការជាមួយទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក (DEA) ព្រមទាំងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួល ដោយលោក លឹម ប៉ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូត ឈានទៅបង្ក្រាបករណី ដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំ តាមលំហសមុទ្រ នៅ១១ទីតាំងផ្សេងគ្នា នៅក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ កម្លាំងជំនាញចាប់ខ្លួនល្មើស ០៣នាក់ (ស្រី១នាក់) ជាជនជាតិខ្មែរ ដោយរឹបអូសបានគ្រឿងញៀនមេតំហ្វេតាមីនមួយចំនួនធំ និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *