អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់មន្រ្តីជំនាញ ជំរុញដល់កសិករ ដាំដុះប្រភេទដំណាំ ដែលសមស្របតាមទីផ្សារ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ចៀសវាងការនាំចូលពីក្រៅប្រទេស
ខេត្តមណ្ឌលគិរី ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់មន្រ្តីជំនាញ ជំរុញដល់កសិករ ដាំដុះប្រភេទដំណាំ ដែលសមស្របតាមទីផ្សារ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ចៀសវាងការនាំចូលពីក្រៅប្រទេស ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ថា វិស័យកសិកម្ម គឺជាវិស័យមួយដ៏ចម្បងសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋ ប្រមាណជាង ៨០% កំពុងប្រកបរបរកសិកម្ម ដើម្បីចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃ ។ ដូចនេះវិស័យ កសិកម្ម នៅក្នុងខេត្តមណ្ឌលគិរី គឺត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ ព្រោះថាប្រជាពលរដ្ឋ ភាគច្រើននៅក្នុងខេត្ត គឺពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្មនេះ។ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីកសិកម្មគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តការងារបានយ៉ាងល្អប្រសើរ និងក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបានផ្តាំផ្ញើឱ្យមន្ត្រីជំនាញ ត្រូវបន្តចុះជួយកសិករឱ្យដល់មូលដ្ឋាន សម្របសម្រួលការវិនិយោគឱ្យបានល្អ ដើម្បីទាក់ទាញសក្តានុពលសេដ្ឋកិច្ច និងបន្តកិច្ចសហការការពារធនធានធម្មជាតិឱ្យបានគង់វង្ស។

ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ឆ្នាំ២០២៦ រួមមាន ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ត្រូវបន្តខិតខំប្រឹងប្រែងទ្វេដង ក្នុងការអនុវត្តតួនាទី និងភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ។ ការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាព៖ ជំរុញការងារបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើនផលិតភាព។ការត្រួតពិនិត្យ និងវាយតម្លៃ៖ ត្រូវបន្តតាមដានការអនុវត្តការងាររបស់មន្ត្រី និងសកម្មភាពរបស់ក្រុមហ៊ុនវិនិយោគនានា ឱ្យស្របតាមច្បាប់ និងកិច្ចសន្យាដែលបានកំណត់។ ឯកឧត្តម អ៊ួង កុសល បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃវិស័យកសិកម្មមណ្ឌលគិរី គឺអាស្រ័យលើស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីគ្រប់រូប ក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យកាន់តែប្រសើរឡើងជាលំដាប់។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២៥ របស់លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ លើគ្រប់វិស័យចំណុះឱ្យមន្ទីរ ដោយស្ថានភាពទឹកភ្លៀងអំណោយផលល្អ បានជំរុញឱ្យផ្ទៃដីដាំដុះ និងទិន្នផលដំណាំកើនឡើងលើសឆ្នាំមុន រួមមាន ស្រូវ ដំណាំសិប្បកម្ម ដំណាំឧស្សាហកម្ម និងកៅស៊ូ។ បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងខេត្តប្រមាណជាង ៨០% កំពុងប្រកបរបរកសិកម្មជាចម្បង។ លោក បន្តថា មន្ទីរបានសហការយ៉ាងសកម្មជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងផលនេសាទ។ ជាមួយគ្នានេះ ការគ្រប់គ្រងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២៥ក្រុមហ៊ុន ក៏ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ហើយមន្ទីរបានបង្កើនការងារបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ការចែកចាយពូជ និងការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ ដើម្បីគាំទ្រដល់ជីវភាពកសិករ៕




